ឧត្ដរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានសម្ដែងការកោតសរសើរកងទ័ពជួរមុខ នៅព្រំដែន កម្ពុជា-ថៃ ពិតជាហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី អោយបានគង់វង្ស។

ការសរសើរនេះ ធ្វើឡើងក្នុងឱកាសលោកអភិបាលខេត្ត បានដឹកនាំប្រតិភូចុះសួរសុខទុក្ខបងប្អូនកងកម្លាំងជួរមុខ នៅតំបន់ព្រំដែន កម្ពុជា-ថៃ ចំណុចបង្គោលសីមាលេខ៣ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក មាន ចាន់យ៉ាដា បានសម្ដែងការកោតសរសើរ ដល់កម្លាំងជួរមុខ ពិតជាមានឆន្ទៈស្នេហាជាតិយ៉ាងអង់អាច ទោះជាស្ថានភាពរស់នៅ និងការធ្វើដំណើរលំបាកយ៉ាងណាក៏ដោយ។

ក្នុងឱកាសនេះ លោក មាន ចាន់យ៉ាដា ក៏បានពាំនាំនូវការផ្តាំផ្ញើនឹករលឹករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់សួរសុខទុក្ខ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ពិតជាមានមោទកភាព ដែលបានទៅដល់បង្គោលសីម៉ាលេខ៣ លើភ្នំដងរែក ក្នុងភូមិសាស្ត្រអន្លង់វែង ដែលកងកម្លាំងពិតជា ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី របស់យើងអោយបានគង់វង្ស ៕
