ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន​ គ.ជ.ប​ ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ ឆ្នាំ២០២៥

ភ្នំពេញ៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​  បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ប្រាជ្ញ ចន្ទប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារ និងទម្រង់បែបបទ មួយចំនួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ព្រមទាំងពិនិត្យលើរបាយការណ៍​ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់តាមរបៀបវារៈម្តងមួយៗ និងបានកែសម្រួលពាក្យពេចន៍ព្រមទាំងថែមខ្លឹមសារមួយចំនួន រួចហើយបានសម្រេចដូចខាងក្រោម៖

១. របៀបវារៈទី១៖ ឯកភាពលើខ្លឹមសារបដាចំនួន ២ ប្រភេទសម្រាប់ផ្សព្វផ្សាយនៅ
ទីសាធារណៈ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

២. របៀបវារៈទី២៖ បានកែសម្រួល និងឯកភាពលើឯកសាររួមមាន៖

– សេចក្តីជូនដំណឹងស្តីពី ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

– ទម្រង់បែបបទលេខ ១០០៧ (ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ)។

– គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ។

– គំរូបណ្ណសម្គាល់ (ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ អ្នកសង្កេតការណ៍បោះឆ្នោតជាតិចល័ត អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ និង ភ្ញៀវពិសេស)។

៣. របៀបវារៈទី៣៖ ឯកភាពលើឯកសារពាក់ព័ន្ធ សម្រាប់ការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ រួមមាន៖ 

– សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីសរុបចំនួន ៥៥៥ រូប សម្រាប់បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះ ឆ្នោតចំនួន ២៥ ដែលមានមុខតំណែង ដូចខាងក្រោម ៖

• គ្រូបង្ហាត់

• ជំនួយការរដ្ឋបាល

• ជំនួយការគណនេយ្យ

• ជំនួយការប្រតិបត្តិការ

• ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម

• លេខាធិការ

• ការីកុំព្យូទ័រ

• អ្នកបើកបររថយន្ត

– សេចក្ដីណែនាំ ស្ដីពីនីតិវិធីនៃការប្រឡងសរសេរ-QCM ប្រឡង QCM ក្នុងប្រព័ន្ធកុំព្យូទ័រ ធ្វើតេស្ដកុំព្យូទ័រ និងសម្ភាសន៍ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។

– លិខិតជម្រាបជូន លោក លោកស្រីប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការ បោះឆ្នោតណែនាំឱ្យបិទផ្សាយសេចក្តីជូនដំណឹង និងការចែកពាក្យ ទទួលពា ក្យ ដើម្បីប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី។

– សេចក្ដីសម្រេចចំនួន ៥(ប្រាំ) ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចស ន្យា រយៈពេលខ្លីឱ្យបម្រើការងារតាមលេខាធិ ការ ដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។

– បទបញ្ជាផ្ទៃក្នុង សម្រាប់ការប្រឡងសរសេរ-QCM ប្រឡង QCM ក្នុងប្រព័ន្ធកុំព្យូទ័រ  ធ្វើតេស្ដកុំព្យូទ័រ និងសម្ភាសន៍ជ្រើសរើសមន្ត្រីលេខាធិ ការ ដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។

– ប្រតិទិននៃការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅលេខាធិ ការ ដ្ឋា នរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

៤. របៀបវារៈទី៤៖ កែសម្រួល និងឯកភាពលើរបា យការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដែលមានចំនួន ២៣ ទំព័រ  និងឧបសម្ព័ន្ធចំនួន ១០។

៥.  របៀបវារៈផ្សេងៗ៖ អង្គប្រជុំ គ.ជ.ប បានចែករំលែកបទពិសោធគ្នាទៅវិញទៅមកអំពីដំណើ រការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដោយសង្កេតឃើញថា នៅតាមភូមិសាស្រ្តផ្សេងៗគ្នា ការជ្រើសរើសមន្រ្តីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានការបត់បែនខ្លះៗទៅតាមស្ថានភាពជាក់ស្តែង។

អង្គប្រជុំ គ.ជ.ប ត្រូវបានប្រកាសបិ ទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទប្រធាន គ.ជ.ប នៅវេលាម៉ោង ១១:៤៨នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕

To Top