ព័ត៌មានជាតិ

កម្ពុជា-វៀតណាម បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម សំដៅ បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច និងកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលអនុវត្ត ផែនការសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។

នាឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខទូទៅនៃប្រទេស ទាំងពីរ ជាពិសេសគោលនយោបាយអាទិភាពនានា របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយ បញ្ហាប្រឈមមួយចំនួន ដូចជា បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា បទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ រវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ។

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី លោកស សុខា និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុង ឆ្នាំ២០២៤ កន្លងទៅនេះ ជាអាទិ៍ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយគាំទ្រផ្នែកសម្ភារៈបច្ចេកទេស កិច្ចសហការរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តាខេត្ត ជាប់ព្រំដែនក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន អំពើជួញដូរ-រត់ពន្ធមនុស្សឆ្លងដែន ការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមខ្សែបន្ទាត់ព្រំដែនបានល្អប្រសើរ ដែលរួមចំណែកបង្កលក្ខខណ្ឌ សមស្របដល់ការរស់នៅ និងការប្រកបជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។

ក្នុងស្មារតីបន្តអនុវត្តនូវយន្តការ សហប្រតិបត្តិការអនុវត្តច្បាប់កាន់តែសកម្ម និងខ្លាំងក្លាថែមទៀត លោក ស សុខា និង ឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម សំដៅ បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និង តំបន់ ការផ្លាស់ប្តូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស សំដៅឆ្លើយតបបានសមស្របទៅនឹង ការវិវត្តស្មុគស្មាញនៃបទល្មើស ជាពិសេសបទល្មើសមិនប្រពៃណី ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

សូមរំលឹកថា តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ច ការងារ នៅរដ្ឋធានីហាណូយ ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ពិនិត្យវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ចាប់ថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

To Top