ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញ ជាគណៈអធិបតី និងផ្តល់កិត្តិយសឡើងថ្លែង សុន្ទរកថាគន្លឹះឆ្លុះបញ្ចាំងពី “គោលនយោបាយលើកកម្ពស់ ការវិនិយោគដោយ ផ្ទាល់ពីបរទេសរបស់កម្ពុជា” នៅក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី “មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ” (Cambodia’s Diversification Pathways – Insights from International Experience) នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ ដើម្បីសម្រេចនូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយបាន រំលេចជាពិសេសអំពី៖ គោលនយោបាយ លើកកម្ពស់ការ វិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment – FDI) របស់កម្ពុជា ដែលបានវិវត្តគួរឱ្យកត់ សម្គាល់ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន, ការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការតាក់តែងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការធ្វើវិសោធនកម្ម ឱ្យស្របតាមនិន្នាការវិនិយោគបច្ចុប្បន្ន, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានលើកឡើងអំពី “ពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាព ប្រកួតប្រជែង” ដោយបានកំណត់ គោលដៅយុទ្ធសាស្ត្រច្បាស់លាស់ និងសង្កត់ធ្ងន់លើអាទិភាព ដែលទាក់ទងនឹងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគផងដែរ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីសក្តានុពលវិជ្ជមាននានា របស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍៖ កម្លាំងពលកម្មវ័យក្មេង ដែលពោរពេញដោយថាមវ័ន្ត, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់ នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការដ្ឋ និងវិស័យឯកជន, បែបបទនៃការវិនិយោគ ដែលមានភាពបត់បែន និងអនុគ្រោះ និងការធ្វើឌីជីថលូបនីយកម្ម នៅក្នុងការ ផ្តល់សេវាសាធារណៈ ជាក់ស្តែងគឹការដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង គម្រោង វិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិន ក្នុងការដាក់ពាក្យស្នើសុំ វិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។
សូមបញ្ជាក់ថា ក្រោមកិច្ចសហការពីទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្ខាសាលាជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្រោមជំនួយរបស់ប្រទេសអូស្ត្រាលី (Australian AID) តាមរយៈកម្មវិធីភាពជាដៃគូរវាង កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development – CAPRED) ក្នុងគោលបំណងដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយនានា ពាក់ព័ន្ធនឹងការបង្កើនពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា៕
