ព័ត៌មានជាតិ

ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ របស់នាយពាក់មី ប្តេជ្ញាលើកស្ទួយ ជំរុញនិងផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា

ភ្នំពេញ៖ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដឹកនាំឱ្យលោក ចែម ចាន់រ៉ា ហៅ (ពាក់មី) បានបង្ហាញផែនការ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដើម្បីលើកស្ទួយ ជំរុញនិងផ្សព្វផ្សាយ នូវសក្តានុពលទេសចរណ៍ កសិទេសចរណ៍ និងផលិតផលកម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ការលើកឡើង របស់ក្រុមផ្ការីកគ្រប់រដូវខាងលើនេះ ធ្វើឡើងក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងជំនួបនេះដែរ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដឹកនាំឱ្យលោក ចែម ចាន់រ៉ា ហៅ (ពាក់មី) បានលើកពីផែនការ របស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ នៅកម្ពុជា ដើម្បីលើកស្ទួយ ជំរុញ និងផ្សព្វផ្សាយ នូវសក្តានុពលទេសចរណ៍ កសិទេសចរណ៍ និងផលិតផលកម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងស្នើសុំការសហការ និងគាំទ្រពីក្រសួងទេសចរណ៍ដល់គម្រោង និងផែនការដ៏មានសារៈសំខាន់ ដើម្បីប្រជាជនកម្ពុជា និងទេសចរណ៍កម្ពុជា ។

សូមបញ្ជាក់ជូនថា ក្រុមផ្ការីកគ្រប់រដូវមានសមាជិក ៤០នាក់ ដែលជាក្រុមបាល់ទាត់ដ៏លេចធ្លោមួយនៅកម្ពុជា និងជាពិសេសសមាជិកក្រុមនីមួយៗឆន្ទៈ សមត្ថភាព និងធនធានក្នុងការចូលរួមបង្កើតនូវព្រឹត្តិការណ៍ដ៏ល្បីៗ និងទាក់ទាញសម្រាប់ផ្សព្វផ្សាយតំបន់ទេសចរណ៍ វប្បធម៌ និងផលិតផលកម្ពុជា ដែលអាចចាត់ទុកបានថា ជាក្រុមសំខាន់ដ៏ធំមួយ ក្នុងការជួយជ្រោមជ្រែងនៅក្នុងវិស័យទេសចរណ៍កម្ពុជា។

ជាលទ្ធផលក្នុងកិច្ចជំនួបដ៏មានអត្ថន័យនេះ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការផ្សព្វផ្សាយ ជំរុញ និងលើកស្ទួយពីតម្លៃ នៃតំបន់ទេសចរណ៍ វប្បធម៌ និងកេរ្តិ៍ដំណែលពីដូនតា បានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ជាពិសេសមិនត្រឹមតែផ្សព្វផ្សាយ ដល់ភ្ញៀវជាតិប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដល់ភ្ញៀវអន្តរជាតិផងដែរ តួយ៉ាង លោករដ្ឋមន្ត្រី ក៏បានគាំទ្រ និងលើកទឹកចិត្ត ចំពោះគម្រោង និងផែនការរបស់ក្រុម ហើយក្រសួងទេសចរណ៍ រីករាយនឹងចូលរួមសហការយ៉ាងខ្ជាប់ខ្ជួនជាប់ជាប្រចាំ និងបានស្នើសុំឱ្យមានការផ្សព្វផ្សាយបែបនេះ និងទូលំទូលាយជាងនេះបន្ថែមទៀត ដើម្បីទេសចរណ៍ និងសង្គមជាតិរបស់យើង៕

To Top