ព័ត៌មានជាតិ

ប្រធានសាលាដំបូង ខេត្តតាកែវ ត្រូវបន្ថយឋានៈ មកជាអនុប្រធាន សាលាដំបូងខេត្តវិញ

" "

ភ្នំពេញ ៖ លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវបានទទួលវិន័យ ពីក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយបន្ថយឋានៈតួនាទី មកត្រឹមជាអនុប្រធានសាលាដំបូង ខេត្តណាមួយវិញ ។ ការបន្ថយតួនាទីនេះ បន្ទាប់ពីលោកស្រី បានសម្រេចដោះលែង អ្នកទោសម្នាក់ ក្នុងបទឧក្រិដ្ឋ កាលពីអំឡុងខែមេសា ឆ្នាំ២០២៤ ។

កាលពីថ្ងៃ១៩ កុម្ភៈ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមបានបើកសម័យប្រជុំលើកទី៣៨ ហើយក៏បានបង្ហាញលទ្ធផលថា ចៅក្រមចំនួន១៤ករណី និងព្រះរាជអាជ្ញាចំនួន៩ករណីត្រូវទទួលវិន័យ ក្នុងនោះមានការផ្លាស់ដោយបង្ខំ១ករណីផងដែរ ។ ១ករណីនេះ អាចទំនងជាសំដៅដល់លោកស្រី ពេជ ម៉ារ៉ែន ព្រោះភ្លាមៗនៃការចេញលទ្ធផលលោកស្រី ក៏បានបង្ហាញសំណេរ ក្នុងហ្វេសប៊ុកផងដែរ ដោយបញ្ចេញអារម្មណ៍ថា “ខ្លួនមានកំហុសបន្តិចបន្តួច បែរជាត្រូវចាប់ទោស អូសដំណើរ ដោយគ្មានការលើកលែង ដោយគ្មានការសណ្តោស និងដោយគ្មានការទុកឱកាសឱ្យខ្លួនជាដើម ទោះបីខ្លួនខិតខំកែលម្អ ហើយក៏ដោយ”។

" "

ដើម្បីបកស្រាយត្រឡប់ទៅ ប្រធានសាលាដំបូងខេត្តតាកែវវិញ ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានចេញសេចក្តីប្រកាស ព័ត៌មាននៅថ្ងៃ២០ កុម្ភៈបញ្ជាក់ថា លោកស្រី ពេជ ម៉ារ៉ែន បានចេញដីកាសម្រេចដោះលែង ដោយមានលក្ខខណ្ឌ ចំពោះទណ្ឌិត១រូប ដែលត្រូវបានតុលាការ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់១១ឆ្នាំ ពីបទ “ឃាតកម្ម” ជាប្រភេទបទឧក្រិដ្ឋ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដែលទណ្ឌិតរូបនេះកំពុងអនុវត្តទោស ក្នុងពន្ធនាគារខេត្តតាកែវ តាមរយៈសាលដីកាស្ថាពរចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ។

" "

សេចក្តីប្រកាសបញ្ជាក់ថា ការដោះលែងមុនការកំណត់នេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ដើម្បីអាចដោះលែងដោយមានលក្ខខណ្ឌនូវទណ្ឌិតកំពុងជាប់ទោសនៅពន្ធនាគារ បានលុះត្រាតែទណ្ឌិតនោះ បានអនុវត្តទោសបានយ៉ាងតិច២/៣ នៃទោសសរុបរបស់ខ្លួន ។ ចំពោះករណីនេះ, ទណ្ឌិតទើបតែបានអនុវត្តទោស ជាក់ស្តែងក្នុងពន្ធនាគារបាន៥ឆ្នាំ ១ខែ និង២ថ្ងៃប៉ុណ្ណោះ ដោយគិតពីការឃុំខ្លួននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃសម្រេចដោះលែង ដោយមានលក្ខខណ្ឌនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ពោលគឺមិនទាន់គ្រប់ចំនួន២/៣ នៃទោសសរុបដែលត្រូវស្មើនឹង៧ឆ្នាំ ៤ខែ នោះទេ ។

ចំពោះសំណុំរឿងដោះលែង ដោយមានលក្ខខណ្ឌនេះ គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌ ក៏បានផ្តល់យោបល់ យ៉ាងច្បាស់កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់សាលាដំបូងខេត្តតាកែវថា មិនគប្បីសម្រេចឱ្យមានការដោះលែងនោះទេ ។

ផ្អែកលើមូលដ្ឋាននេះ, ក្រុមប្រឹក្សាវិន័យបានពិភាក្សាយ៉ាងល្អិតល្អន់ និងបានសម្រេចជាឯកឆន្ទដាក់ទណ្ឌកម្ម ក្រោមរូបភាពផ្លាស់ដោយបង្ខំ ទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ ចំពោះសាមី ចៅក្រម ដែលបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរនេះ និងបិទផ្លូវតវ៉ា ៕

To Top