ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល៖ ត្រូវវិនិយោគលើសុខភាពមាតា ទារក កុមារ និងយុវវ័យឱ្យបានល្អ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិ សុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ” លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ការវិនិយោគរួមគ្នាលើសុខភាពមាតា ទារក កុមារ និងយុវវ័យ ឱ្យទទួលបានសុខភាពល្អ ដើម្បីក្លាយជាកម្លាំងរឹងមាំ ធនធានសម្រាប់ប្រទេសជាតិ នាំឱ្យមានភាពរីកចម្រើន»។

សាស្រ្តាចារ្យរដ្ឋមន្រ្តីលើកឡើងបន្តថា ដើម្បីកាត់បន្ថយការអត្រាមរណភាពមាតា ទារក និងកុមារ ដោយគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបានការពិនិត្យ តាមដានរកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបានការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ អាចទប់ស្កាត់ផលវិបាក ក្នុងពេលមានផ្ទៃពោះបានទាន់ពេលវេលា និងទទួលបានការព្យាបាលសមស្រប ដោយត្រូវអនុវត្តគោលដៅដូចជា ៖ គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ យ៉ាងតិច៩០% ទទួលបានការពិនិត្យថែទាំ តាមដាន យ៉ាងតិច៤ដង , គ្រប់ការសម្រាលទាំងអស់យ៉ាងតិច៩០% ត្រូវធ្វើឡើងដោយបុគ្គលិកសុខាភិបាលមាន ជំនាញ និងនៅមូលដ្ឋានសុខាភិបាល , គ្រប់មាតា និងទារកទើបកើតទាំងអស់ យ៉ាងតិច៨០% ទទួលបានការថែទាំជាសារវ័ន្ត ភ្លាមៗ ក្នុងពេលសម្រាល និងក្រោយសម្រាល និងគ្រប់ស្រ្តីមានផ្ទៃពោះ ប្រឈមនឹងផលវិបាកផ្នែកសម្ភពទាំងអស់ យ៉ាងតិច៨០% ទទួលបានសេវាសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងការថែទាំទារកទើបកើត។

សាស្រ្តាចារ្យរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ គ្រប់ការសម្រាលកូនទាំងអស់ត្រូវ តែធ្វើនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យសាធារណៈ ឬ ឯកជន និងត្រូវធ្វើឡើងដោយពេទ្យជំនាញឆ្មប និងវេជ្ជបណ្ឌិត ដើម្បីធានាបាននូវការសម្រាលកូនមានសុវត្ថិភាព។ ទារកទើបនឹងកើត ត្រូវទទួលបានភ្លាមៗ នូវការថែទាំ និងការសង្គ្រោះបន្ទាន់ (ក្នុងករណីចាំបាច់) ការតាមដានសុខភាព និងការបំបៅដោះម្តាយ ដូចនេះហើយសេវាថែទាំ និងសង្គ្រោះទារកទើបកើត ចាំបាច់ត្រូវតែមាននៅគ្រប់កន្លែងសម្ភព សម្រាលកូន។ ក្នុងករណី មានផលវិបាកណាមួយកើតឡើង សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត ត្រូវតែអនុវត្តជាបន្ទាន់នៅនឹងកន្លែង ឬត្រូវធ្វើការបញ្ជូនទាន់ពេលវេលា ទៅមន្ទីរពេទ្យ ដែលមានការផ្តល់សេវាកម្រិតខ្ពស់ជាង ប្រកបដោយការទទួលខុសត្រូវលើការបញ្ជូនជំងឺ និងប្រឹងប្រែងអស់សមត្ថភាព។

សាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់ភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនមានគុណភាព ត្រូវចូលរួមសហការទាំងអស់គ្នា និងការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងជំនាញបច្ចេកទេស ទាំងធនធាន ទាំងស្មារតី នឹងនាំទៅដល់ភាពជាដៃគូដ៏ជិតស្និទ និងមានប្រសិទ្ធភាពរវាងសេវាសាធារណៈ និងឯកជន រួមទាំងផ្នែកពាក់ព័ន្ធ។ ការជួយគ្នានេះនឹងធានាឱ្យប្រជាពលរដ្ឋ ពិសេសមាតា ទារក កុមារ យុវវ័យ និងអ្នកជំងឺទាំងអស់ ទទួលបាននូវសេវាមានគុណភាពដូចគ្នា គ្រប់ទីកន្លែង។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត ឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពពាក់ព័ន្ធដែលមានសមត្ថភាព ដៃគូអន្តរជាតិ និងសមាគមវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលឆ្មប គ្រូពេទ្យ វេជ្ជបណ្ឌិត លើជំនាញ សង្គ្រោះបន្ទាន់ផ្នែកសម្ភព ជំនាញសង្គ្រោះទារកទើបកើត ជំនាញសុខភាពកុមារ និងសុខភាពយុវវ័យ ដើម្បីពង្រឹង បង្កើនសមត្ថភាពជំនាញបច្ចេកទេសថែទាំ ព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ឱ្យទទួលបានលទ្ធផលធំច្រើនជាងមុន ជាមួយនឹងការចំណាយទាប៕

To Top