ភ្នំពេញ ៖ ពលករខ្មែរកំពុងធ្វើការ នៅសាធារណរដ្ឋកូរ៉េ បានបង្ហាញការជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈការចរចារដោយសន្តិវិធី ។ ទន្ទឹមនឹងនេះ ពួកគេបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងមិនទៅចូលរួមធ្វើបាតុកម្ម ដែលជាការញុះញង់ របស់ក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណង ប្រឆាំងនឹងដំណោះស្រាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាកោះគុត។

លោក ណាក់ សុីនួន ជាពលករខ្មែរ ដែលកំពុងធ្វើការ នៅសាធារណរដ្ឋកូរ៉េ បានអំពាវនាវដល់បងប្អូនពលករខ្មែរ និស្សិតខ្មែរដែលកំពុងធ្វើការ និងសិក្សារៀនសូត្រ នៅប្រទេសកូរ៉េខាងត្បូង សូមទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈការចរចា ប្រកបដោយសន្តិវិធី ដោយមិនចាំបាច់ទៅប្តឹងតុលាការ អន្តរជាតិនោះទេ ។ បងប្អូនពលករខ្មែរ ត្រូវជឿជាក់លើថ្នាក់ដឹកនាំខ្មែរ ខ្លួនឯងដើម្បីដោះស្រាយបញ្ហាជាតិ ជៀសវាងការកើតមានជម្លោះការទូត ជាមួយប្រទេសជិតខាង ។ ពលរដ្ឋខ្មែររូបនេះថា ខ្លួននឹងមិនចូលរួមបាតុកម្មជាដាច់ខាត ដែលជាការបំផុសបំផុល ពីសំណាក់ក្រុមបក្សប្រឆាំង ម្តងហើយម្តងទៀត ដែលការធ្វើបាតុកម្មនេះ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែន បាននោះទេ ក៏ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាពិសេសអាចបង្កស្ថានការណ៍ កាន់តែតានតឹងឈាន ដល់ជម្លោះព្រំដែនទៀតផង។
ដោយឡែក លោក ឆុន ប៊ុនហ៊ា ជាពលករខ្មែរធ្វើការ នៅសាធារណរដ្ឋកូរ៉េ បានបង្ហាញគោលជំហរថា ខ្លួនមានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន បូរណភាពទឹកដី ជាមួយប្រទេសជិតខាង ដោយសន្តិវិធី រក្សាផលប្រយោជន៍ជាតិជារួម ជាជាងធ្វើសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការជាតិ លើបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង។

ពលករខ្មែរនៅប្រទេសកូរ៉េម្នាក់ ទៀត លោក ដា វីដ បានអំពាវនាវឱ្យពលរដ្ឋខ្មែរ រស់នៅបរទេសទាំងអស់ កុំចូលរួមធ្វើបាតុកម្ម តាមរយៈការអុចអាល របស់ក្រុមប្រឆាំងជ្រុលនិយម ដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុង សង្គ្រាមខ្មែរបែកបាក់ និងមានជម្លោះជាមួយបណ្តាប្រទេសជិតខាង ដែលជាមិត្ត។ បងប្អូនត្រូវរក្សាសន្តិភាពក្នុងប្រទេស និងជឿលើថ្នាក់ដឹកនាំដោះស្រាយ តាមរយៈការចរចារដោយសន្តិវិធី។
ទន្ទឹមនឹងនេះនិស្សិត និងពលករខ្មែរអំពាវនាវ ដល់ប្រជាពលរដ្ឋកុំជឿ តាមការទាញភ្ជាប់បញ្ហាកោះគុត ដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នា នៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ជេះកំហឹងពលរដ្ឋ ក្នុងចេតនាទុច្ចរិតបង្ក ឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង។ ទន្ទឹមនេះ សូមជឿជាក់លើដំណោះស្រាយ ដោយសន្តិវិធី ខណៈដែលភាគីកម្ពុជា និងថៃកំពុងតែធ្វើការចរចាគ្នានៅឡើយ៕
