ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កិច្ចសន្ទនា គោលនយោបាយនេះ ផ្តល់ឱកាសដ៏ពិសេស និងមានតម្លៃ មិនអាចកាត់ថ្លៃបាន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់ នូវបញ្ហាប្រឈមនានា នៃវិស័យសេវាកម្ម របស់កម្ពុជា។

ក្នុងពិធីសម្ពោធសៀវភៅ និងសិក្ខាសាលាស្តីពី “ខ្សែច្រវាក់ផ្គត់ផ្គង់ សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា ៖ ផលបច្ច័យ និងកាលានុវត្តភាព សម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា” សហការរៀបចំដោយ ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី រដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃដ៏លេចធ្លោ របស់ក្រុមអ្នកនិពន្ធ នៃ ការសិក្សាស្រាវជ្រាវ និងការសម្ពោធសៀវភៅឈ្មោះថា ៖ ខ្សែច្រវាក់ផ្គត់ផ្គង់ សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាព សម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា” ។
លោកស្រី រដ្ឋមន្ត្រី បន្ដថា សិក្ខាសាលានេះ ដែលពិតជាស្របនិងទាន់ពេលវេលា ក្នុងការផ្តល់ នូវការវិនិច្ឆ័យ សំខាន់ទៅលើគម្លាត ក្នុងក្របខណ្ឌគោលនយោបាយ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ខណៈចូលរួមដោះស្រាយបញ្ហាប្រឈម នៃការអភិវឌ្ឍសេវាកម្ម ព្រមទាំងផ្តល់នូវអនុសាសន៍គោលនយោបាយ ដែលអាចអនុវត្តបាន សម្រាប់អ្នកតាក់តែងគោល នយោបាយជាតិ ជាពិសេសម្រាប់កម្ពុជា។

បន្ថែមពីនេះ លោកស្រី រដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈសំខាន់ នៃសិក្ខាសាលានេះ ដែលនឹងផ្តល់នូវការវិភាគ និងអនុសាសន៍ គោលនយោបាយ សម្រាប់សេវាកម្មនៅក្នុង ខ្សែច្រវាក់ផ្គត់ផ្គង់សកល ជាពិសេសទាក់ទង នឹងបញ្ហាប្រឈម និងកាលានុវត្តភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា ព្រមទាំងផ្ដល់នូវវេទិកាពិភាក្សាអំពីផលបច្ច័យ នៃសេរីភាវូបនីយកម្មសេវាកម្ម ក៏ដូចជាបញ្ហាប្រឈម និងកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា សម្រាប់ការធ្វើសមាហរណកម្ម ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅផងដែរ ។
លោកស្រី រដ្ឋមន្ត្រី បន្តថា «កិច្ចសន្ទនាគោលនយោបាយនេះ ផ្តល់ឱកាសដ៏ពិសេស និង មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់ នូវបញ្ហាប្រឈមនានា នៃវិស័យសេវាកម្មរបស់កម្ពុជា និងដើម្បីស្វែងរកយុទ្ធសាស្ត្រ ដែលអាចអនុវត្តបាន សម្រាប់ដោះស្រាយ តាមរយៈការប្រមូលផ្តុំតំណាង មកពីទាំងវិស័យ សាធារណៈ ឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យឧស្សាហកម្ម យើងកំពុងបង្កើតវេទិកា សម្រាប់កិច្ចសន្ទនា និងកិច្ចសហការប្រកប ដោយការស្ថាបនា»៕

