ព័ត៌មានជាតិ

លោកអ៊ុំ រតនា ស្នើសុំក្រសួងបរិស្ថាន និងម្ចាស់ជំនួយ បន្តជួយគម្រោង និងបង្កើតតំបន់អេកូ ទេសចរណ៍ធម្មជាតិ

កំពង់ធំ: លោកអ៊ុំ រតនា ប្រធានអង្គការមូលនិធីព្រះពុទ្ធសាសនា និងអភិវឌ្ឍន៍សហគមន៍ លោកបាន ស្នើសុំក្រសួងបរិស្ថាននិងម្ចាស់ជំនួយ ជួយគម្រោងបន្ត ដល់សហគមន៍ទាំងពីរគឺ សហគមន៍ជាំឆ្លក និងអូរបញ្ញា ក៏ដូចជាសហគមន៍ទាំង ១៦ ទៀតនៅក្នុងខេត្តកំពង់ធំ។

លោកបានលើកឡើងយ៉ាងដូច្នេះ ក្នុងដំណើរទស្សន:កិច្ចសិក្សា របស់ក្រុមអ្នកសារព័ត៌មានជាង២០ស្ថាប័ន ដោយមានការដឹកនាំផ្ទាល់ពីលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ២០២៥។

លោកបន្តថា អង្គការBFCDបានទទួលការគាំទ្រ ថវិកាពីគម្រោងINRM project របស់ក្រសួងបរិស្ថានចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥ សម្រាប់ជួយដល់ការ សិក្សាស្រាវជ្រាវ វគ្គបណ្ដុះបណ្ដាលនានា ដើម្បីបង្កើតសកម្មភាពរកប្រាក់ចំណូល ដល់សហគមន៍តំបន់ ការពារធម្មជាតិ ជាំឆ្លក និងអូរបញ្ញា ក្នុងស្រុកសណ្តាន់ និងស្រុកប្រាសាទបល្ល័ង្ក ក្នុងខេត្តកំពង់ធំ។

លោកបានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងពីរបានធ្វើការដាំឬស្សីផ្អែមនិង ដើមស្តៅ សាងសង់ថ្នាលបណ្ដុះកូនឈើ ពូជឈើស្តារ នឹងឈើហូបផ្លែសម្រាប់លក់ ជាងនេះទៅទៀតក៏មានការសាងសង់ខាងកាហ្វេ លក់ភេសជ្ជៈ និងអនុផលព្រៃឈើ និងផ្លែឈើកែច្នៃជាដើម។

យ៉ាងណាលោកបានបន្តស្នើសុំក្រសួងបរិស្ថាន និងម្ចាស់ជំនួយជួយបង្កើតតំបន់អេកូទេសចរណ៍ធម្មជាតិឲ្យបានឆាប់ក្នុងឆ្នាំ២០២៥នេះតទៅ។

លោកបានថ្លែងអរគុណ ចំពោះគម្រោង INRM ក្រសួងបរិស្ថាន និងម្ចាស់ជំនួយ មន្ទីរបរិស្ថាន ខេត្តកំពង់ធំ និង អ្នកពាក់ព័ន្ធគ្រប់រូប ដែលបានចូលរួម សហការយ៉ាង សកម្មទាំងបច្ចេកទេសនិងថវិកា ។ ដើម្បីដំណើរការបានសម្រេច លទ្ធផលជាផ្លែផ្ការហូតដល់បច្ចុប្បន្ននេះ និងសង្ឃឹមថានិងមានគម្រោង ជួយគាំទ្រដល់សហគមន៍ តំបន់ការពារធម្មជាតិ ទាំងពីរនេះនឹងសហគមន៍ទូទាំងប្រទេសបន្តទៀត៕

To Top