ព្រះសីហនុ ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណី ផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនជាតិចិន នៅចំណុចកាស៊ីណូ និងសណ្ឋាគារណាន ហៃ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

យោងតាមទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ភ្លាមៗនោះ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុធ្វេីការស្រាវជ្រាវ ដោយកំណត់មុខសញ្ញាបានជនសង្ស័យម្នាក់ឡើងជិះរថយន្ត ០១គ្រឿង ម៉ាក ស៊ឺដេស ពណ៌ស នៅចំនុចមន្ទីរពេទ្យឯកជន មួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស ០៣នាក់ ស្រី ១នាក់បន្ថែមទៀត។

ករណីនេះបណ្ដាលឱ្យរងរបួសជនសង្ស័យ ០១នាក់ ជាជនជាតិចិន (រងរបួសផ្ទុះអាវុធ ដោយខ្លួនឯង) ត្រូវ ០១គ្រាប់ ចំភ្លៅខាងឆ្វេង កំពុងដេកសម្រាកនៅមន្ទីពេទ្យ ឯកជន។ វត្ថុតាង សំបកគ្រាប់ ចំនួន ២គ្រាប់ និងគ្រាប់ចំនួន ៤គ្រាប់ នៅកន្លែងកើតហេតុ។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំជនជាតិចិន ចំនួន ០៣នាក់ ស្រី ០១នាក់ និងរថយន្ត ០២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់៕

