ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ជំនួយឥតសំណង ជាង ២៤ម៉ឺនដុល្លារ សម្រាប់គម្រោងតម្លើង ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅឃុំកំពង់ឃ្លាំង

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានរៀបចំពិធីចុះហត្ថលេខា ផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ គូសាណូណិ ត្រូវបានប្រារព្វឡើង នៅស្ថានទូតជប៉ុន ។

លោករាជទូត អ៊ូអិណុ អាត់ស៊ូស៊ី និង លោក ឯក សុនចាន់ ប្រធានសមាគមទឹកស្អាតជនបទកម្ពុជា បានចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយសម្រាប់ «គម្រោងតម្លើងប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាត នៅភូមិចំនួន២ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប» ជាមួយថវិកាចំនួន ២៤៣,៤៥០ ដុល្លារអាមេរិក ។

លោករាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានរំពឹងថា ប្រជាជនប្រមាណ ២,៣០០នាក់ ដែលរស់នៅក្នុងតំបន់នេះ នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ដែល នឹងរួមចំណែកដល់ការលើកកម្ពស់ កម្រិតជីវភាពរបស់ពួកគេ។ ការផ្គត់ផ្គង់ទឹកជាផ្នែកមួយក្នុងចំណោមវិស័យដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន ចំពោះប្រទេសកម្ពុជា ។ កាលពីឆ្នាំមុន កម្មវិធីទូរទស្សន៍ឯកសារដ៏ល្បីមួយដែល ផលិតដោយ NHK ត្រូវបានចាក់ផ្សាយនៅប្រទេសជប៉ុន ។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់ជំនួយឥតសំណង គូសាណូណ៌សម្រាប់ គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និង អង្គការក្រៅរដ្ឋាភិបាល ដែលកំពុងអនុវត្តគម្រោងនានា។ គូសាណូណ៌ មានន័យថា “ឬសស្មៅ” ក្នុង ភាសាជប៉ុន ។ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកជិត ៧០០ គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងនេះ ។ យើងមានសេចក្តី សោមនស្សរីករាយ ដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់គុណភាព នៃជីវភាពរបស់ប្រជាជនកម្ពុជា នៅកម្រិតមូលដ្ឋាន៕

To Top