ព្រះវិហារ៖ ក្រសួងបរិស្ថានបានប្រកាសគាំទ្រដល់គម្រោងការអភិរក្សធនធានធម្មជាតិ (ពន្លកបៃតង) ដែលបង្កើតនៅតាមតំបន់សហគមន៍ និងជំរុញឲ្យអង្គការដៃគូពាក់ព័ន្ធបន្តផ្ដល់ជំនួយលើគម្រោងនេះ បន្ទាប់ពីគម្រោងនេះទទួលបានផលល្អប្រសើរ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថាក្រសួងបរិស្ថានបានគាំទ្រ និងបង្កើតសហគមន៍តំបន់ការពារធម្មជាតិរហូតមកដល់ពេលនេះមានចំនួន១៩៣ ហើយសហគមន៍ដែលមានសក្តានុពលមានជាងពាក់កណ្តាល។ សហគមន៍ទាំងនេះចង់សំដៅទៅលើសហគមន៍ដែលការពារធម្មជាតិ នឹងអាចទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍនៅក្នុងសហគមន៍ ។

ដូច្នេះហើយសម្រាប់ទស្សន:កិច្ចរបស់អ្នកសារព័ត៌មាននៅថ្ងៃនេះ គឺបានឃើញពីសកម្មភាពរបស់សហគមន៍មួយចំនួន បានចូលរួមបង្ហាញអំពីសក្តានុពលរបស់ខ្លួនការអភិរក្សធនធានធម្មជាតិ និងការបង្កើតជីវភាពរបស់ខ្លួននៅក្នុងសហគមន៍ ដែលកាលពីមុនពួកគាត់បានពឹងពាក់តែទៅលើការចូលព្រៃកាប់ឈើពណ៌បាញ់សត្វហើយងាកមកបង្កើតមុខរបរថ្មី ដោយមុខរបរនេះថែមទាំងបានជួយលើកកម្ពស់ជីវភាពរបស់គាត់នឹងបានចូលរួមការអភិរក្សធនធានធម្មជាតិផងដែរ។

លោកអ្នកនាំពាក្យក្រសួងបរិស្ថានក៏បានបញ្ជាក់ថា “អញ្ចឹងកន្លងមកនេះយើងបានឃើញថាសហគមន៍ជារនាំងការពារធនធានធម្មជាតិយ៉ាងសំខាន់ ក្នុងការអភិរក្សធនធានធម្មជាតិរបស់យើងផង ហើយក៏ដូចជាការចូលរួមក្នុងគម្រោងបៃតង”។

បើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងថា តាមរយៈគម្រោងអភិរក្សតំបន់ធនធានធម្មជាតិនេះមានការចូលរួមពីអង្គការដៃគូពាក់ព័ន្ធសហការនិងអភិវឌ្ឍន៍ផ្សេងៗជាច្រើនផងដែរ។
ក្នុងនាមក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះគម្រោងគ្រប់គ្រងធនធានធម្មជាតិតំបន់ទេសភាពនៃព្រៃធម្មជាតិនិងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា(INRM) បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួងបរិស្ថានជាពិសេសបានជួយសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងខេត្តកំពង់ធំ សៀមរាបនិងខេត្តព្រះវិហារបានកំពុងតែទទួលបានលទ្ធផលល្អប្រសើរ។ ការពារធនធានធម្មជាតិដោយឃើញថាគម្រប់បៃតង ជំរុញឲ្យប្រជាសហគមន៍ចេះស្រឡាញ់ព្រៃកាន់តែច្រើន។ ចំណុចនេះធ្វើឲ្យមានការស្របនឹងយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន មានដូចជាការជំរុញការដាំដើមឈើបណ្ដុះកូនឈើជាដើមពិសេសគឺយុទ្ធនាការពន្លកបៃតង។
អ្នកនាំពាក្យក្រសួងបរិស្ថានបានបន្ថែមថាក្រៅពីសកម្មភាពខាងលើ សកម្មភាពទាំងនេះក៏បានចូលរួមក្នុងការអភិរក្សក៏ដូចជាការទប់ស្កាត់សកម្មភាពបទល្មើសនានាដែលពាក់ព័ន្ធនិងធនធានធម្មជាតិ ជាចំណុចសំខាន់ក្នុងការយកចិត្តទុកដាក់ និងចង់បានការចូលរួមពីភាគីពាក់ព័ន្ធពិសេសនោះគឺសហគមន៍ផ្ទាល់តែម្តង។
ក្នុងឱកាសនោះដែរក្នុងនាមក្រសួងបរិស្ថានអ្នកនាំពាក្យបានប្រកាសគាំទ្រឲ្យគម្រោង INRM និងដៃគូអភិវឌ្ឍន៍ធ្វើការពិនិត្យ និងចូលរួមបន្ថែមទៀតដល់មូលនិធិដល់គម្រោងនេះ ព្រោះថាគម្រោងនេះបានកំពុងតែទទួលផលវិជ្ជមានចំពោះការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ ការពារធម្មជាតិក៏ដូចជាការផ្ដល់ការការពារធនធានធម្មជាតិដើម្បីកូនចៅជំនាន់ក្រោយ៕
