បរទេស ៖ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេស G20 ទាំងអស់បានស្វាគមន៍ កិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនាពេលថ្មីៗនេះ នៅទីក្រុង Riyadh ដែលមានគោលបំណងស្តារការសន្ទនា និងដោះស្រាយជម្លោះអ៊ុយក្រែន ដែលកំពុងបន្ត ។
លោក Lavrov បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 រយៈពេលពីរថ្ងៃនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ដែលបានចាប់ផ្តើមនៅថ្ងៃទី២០ខែកុម្ភៈ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Lavrov បាននិយាយថា ៖ ទាំងអស់គ្នាបានស្វាគមន៍ កិច្ចប្រជុំរបស់យើងហើយ ខណៈដែលទទួលស្គាល់ថាកិច្ចពិភាក្សា Riyadh គ្រាន់តែជាការចាប់ផ្តើមនៃការសន្ទនាប៉ុណ្ណោះ។
គួរឲ្យដឹងដែរថាការពិភាក្សាកម្រិតខ្ពស់នៅក្នុងរដ្ឋធានីអារ៉ាប៊ីសាអូឌីតកាលពីដើមសប្តាហ៍នេះគេសង្កេតឃើញមានការចូលរួមពាក់ព័ន្ធដោយលោក Lavrov រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងមន្ត្រីផ្សេងទៀតមកពីភាគី ទាំងពីរផងដែរ។
កិច្ចពិភាក្សានេះបានផ្តោត ទៅលើការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន និងផ្លូវសក្តានុពលឆ្ពោះ ទៅរកការដោះស្រាយជម្លោះអ៊ុយក្រែន ទាំងស្រុង ៕
ប្រែសម្រួល៖ស៊ុនលី
