ព័ត៌មានជាតិ

កម្ពុជា-វៀតណាម នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការ រវាងយុវជននៃគណបក្ស និងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជា-វៀតណាម បានបង្ហាញការបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការ រវាងយុវជននៃគណបក្សនិងប្រទេសទាំងពីរ ដើម្បីជាស្ពានតភ្ជាប់បន្ថែមទៀត ដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាព កម្ពុជា-វៀតណាម ក្នុងស្មារតី «តភ្ជាប់យុវជន តភ្ជាប់ជំនាន់និងតភ្ជាប់ភាពជាអ្នកដឹកនាំ»។

ការបង្ហាញការគាំទ្រនេះ ធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សទាំងពីរកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយម វៀតណាម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការមជ្ឈឹមបក្សកម្មុនីស្ដវៀតណាម។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះការរីកចម្រើនឥតឈប់ឈរ នៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិត ស្និទ្ធរវាងប្រទេសទាំងពីរលើគ្រប់វិស័យមានជាអាទិ៍៖ នយោបាយ សន្តិសុខ ការពារជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងទេសចរណ៍ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

ភាគីទាំងពីរបានជូនព័ត៌មានគ្នា ទៅវិញទៅមក អំពីសភាពការណ៍ជាតិ តំបន់និងអន្តរជាតិ ព្រមទាំងចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រមទាំងដាក់ទិសដៅ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរក្នុងឆ្នាំបន្តបន្ទាប់។

ភាគីវៀតណាម បានអបអរសាទរដល់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំប្រកបដោយភាពជោគជ័យ ចំពោះកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ក្នុងឆ្នាំ២០២៤ ទាំងក្នុងក្របខណ្ឌគណបក្ស សភា និង រាជរដ្ឋាភិបាល ជាពិសេសការអនុម័តធម្មនុញ្ញសន្តិភាពសកល និងការលើកកម្ពស់ពិភពលោកមួយដែលគ្មានមីន។ ភាគីកម្ពុជា ក៏បានអបអរសាទរចំពោះសមិទ្ធផល របស់វៀតណាមក្នុងការកសាង និងអភិវឌ្ឍប្រទេស។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចាត់តាំង អនុវត្តស្មារតីកុងសង់ស៊ីសរវាងថ្នាក់ ដឹកនាំកំពូលនៃគណបក្សទាំងពីរក្នុងកិច្ចប្រជុំកន្លងមក ដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី ល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ដោយបានបង្កើនជំនឿទុកចិត្តគ្នា ទៅវិញទៅមកក្នុង ភាពជាមិត្តជិតខាងល្អ។

ភាគីទាំងពីរ នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការ រវាងយុវជននៃគណបក្សនិងប្រទេសទាំងពីរ ដើម្បីជាស្ពានតភ្ជាប់បន្ថែមទៀត ដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាព កម្ពុជា-វៀតណាម ក្នុងស្មារតី «តភ្ជាប់ យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ»។

ភាគីទាំងពីរក៏នឹងបន្តគាំទ្រគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌគណបក្ស សភា រាជរដ្ឋាភិបាល និងអង្គការមហាជនរវាងប្រទេសទាំងពីរ ដើម្បី ចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក៕

To Top