ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូល កម្ពុជា-ឡាវ-វៀតណាម ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងលោក តូ ឡឹម អគ្គលេខាធិការមជ្ឈឹមបក្សកម្មុនីស្ដវៀតណាម បានជួបពិភាក្សាគ្នា ដើម្បីជំរុញការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ ឱ្យបានឆាប់រហ័សដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ក្នុងជំនួបនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងក្រុងហូជីមិញ ភាគីទាំងបី បានពិភាក្សាអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងបី កម្ពុជា-ឡាវ-វៀតណាម ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បី ឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជាប្រយោជន៍ប្រជាជនន ប្រទេសទាំងបី។

ភាគីទាំងបី បានប្តេជ្ញាចិត្តចូលរួមជំរុញ និងពង្រឹងសហគមន៍អាស៊ាន ដើម្បីការពារសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្ម សេដ្ឋកិច្ចនិងសន្តិសុខតំបន់និងពិភពលោក ជាពិសេសនៅក្នុងបរិបទនៃសភាពការណ៍អន្តរ ជាតិ និងភូមិសាស្ត្រនយោបាយ បន្តប្រែប្រួលយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន ស្មុគស្មាញ និងផុយស្រួយ។
ភាគីទាំងបីបន្តពង្រឹង និងពង្រីកប្រកបដោយប្រសិទ្ធភាព បណ្ដាយន្តការសហប្រតិបត្តិការដែលមានស្រាប់ ស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មី ក្នុងនោះរួមមាន ៖ ការផ្សព្វផ្សាយ និងការតភ្ជាប់បណ្តាញ សន្តិភាពសកល គំនិតផ្ដួចផ្ដើមតំបន់នានា សំដៅលើកកម្ពស់ប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែក ដល់ការកសាង និងការពារសន្តិភាព វិបុលភាពតំបន់ និងពិភពលោក។
ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចប្រជុំកំពូលទ្វេភាគីកម្ពុជា-វៀតណាម ព្រមទាំងកិច្ចប្រជុំកំពូលគណបក្សទាំងបី កម្ពុជា-ឡាវ-វៀតណាម ទទួលបានលទ្ធផលល្អប្រសើរ ដែលជាគុណប្រយោជន៍ដ៏ឧត្ដុង្គឧត្ដម ដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងប្រទេសទាំងពីរកម្ពុជា-វៀតណាម និងរវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម។
ថ្នាក់ដឹកនាំនៃគណបក្សទាំងបី បានឯកភាពគ្នា ជួបប្រជុំកំពូលនៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៦ ខាងមុខ៕
