ព័ត៌មានជាតិ

លោក ហេង រតនា ៖ ឈាមកូនចៅខ្មែរ នៅតែបន្តហូរ ដោយសារសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសង្គ្រាម

ភ្នំពេញ៖ តាសមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ CMAC បានពោលពាក្យថា «ឈាមកូនចៅខ្មែរ នៅតែបន្តហូរ ដោយសារសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសង្គ្រាម»។

ការពោលពាក្យបែបនេះ ធ្វើឡើងបន្ទាប់ពីរូបលោកទទូលបានដំណឹង អំពីករណីផ្ទុះគ្រាប់៦៦មម​(ប្រភេទB-៦៣)​ ដែលជាសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម​ បណ្តាលឱ្យកូនក្មេងតូចៗ អាយុ២ឆ្នាំ ចំនួន២នាក់ បានស្លាប់ នៅថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០២៥ ។​

បើតាមលោកអគ្គនាយកបានឱ្យដឹងថា ក្នុងចំណោមក្មេងទាំងពីរ ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់បានកើតឡើង នៅភូមិក្រញូងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។​ ផ្អែកតាមសាក្សីជាឪពុកក្មេងរងគ្រោះថា​ រូបគាត់កំពុងដេកសម្រាកនិងឃើញកូនៗ កាយដីលេងស្ថិតនៅចម្ងាយប្រមាណ៥ម៉ែត្រពីគាត់ក៏មានការផ្ទុះកើតឡើង។

លោក ហេង រតនា បានផ្ញើរសាររំលែកទុក្ខ និងបួងសួង ឱ្យវិញ្ញាណខន្តចៅៗ​ បានទៅកាន់ទីឋានបរមសុខកុំឃ្លៀងឃ្លាតឡើយ។

លោក ហេង រតនា បញ្ជាក់ថា «នេះជាសោកវិនាសកម្មបានកើតមានឡើង ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម! សង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង និងសន្តិភាពពេញលេញ មានជាង២៥ឆ្នាំមកហើយ​ ប៉ុន្តែឈាមកូនចៅខ្មែរ នៅតែបន្តហូរ ដោយសារសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសង្គ្រាម!! »។

គួសបញ្ជាក់ថាផងដែរថា សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ក៏បានជំរុញវិស័យឯកជននិងសប្បុរសជន ឱ្យចូលរួមបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបាននូវគោលដៅថ្មី «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»៕

To Top