ព័ត៌មានជាតិ

លោកបណ្ឌិត ឈឹម ប៊ុនណារិទ្ធ បើកកម្មវិធីតម្រង់ទិស ដល់សមណៈនិស្សិត និងនិស្សិត ដើម្បីភាពជោគជ័យក្នុងការងារ និងមុខរបរ

កំពង់ចាម ៖ លោកបណ្ឌិត ឈឹម ប៊ុនណារិទ្ធ នាយកសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម (CUS) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានបើកកម្មវិធីតម្រង់ទិស ដល់សមណៈនិស្សិត និងនិស្សិត ដើម្បីភាពជោគជ័យក្នុងការងារ និងមុខរបរ និង ប្រគល់វិញ្ញាបនបត្រ បណ្ណសរសើរ និងមេដាយដល់និស្សិតថ្នាក់ ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង (ជំនាន់ទី១៩ ទី២០ និងទី២១)។

លោកបណ្ឌិត ឈឹម ប៊ុនណារិទ្ធ បានថ្លែងក្នុងឱកាសបើកកម្មវិធីនោះថា គោលបំណង នៃកម្មវិធីតម្រង់ទិសនេះ ពិតជាមានអត្ថប្រយោជន៍ដ៍ច្រើន សម្រាប់ សមណៈនិស្សិត និងនិស្សិត គ្រប់កម្រិត ដែលមានវត្តមាននៅទីនេះ និងសូមរៀនសូត្រពីកម្មវិធីនេះ ដែលមានវាគ្មិនទាំងអស់ ដែលនឹងធ្វើបទបង្ហាញដ៏មានសារៈសំខានជាច្រើនផងដែរ ដើម្បីលើក កម្ពស់សម្ថភាព និងគុណភាព សមណៈនិស្សិត និងនិស្សិត ឈានទៅទទួលបានភាពជោគជ័យក្នុងការងារ និងមុខរបរ។

លោកបណ្ឌិតនាយកសាខា បានថ្លែងបន្តថា ដោយឈរលើបាវចនា បណ្តុះបណ្តាលដើម្បីការងារ និងមុខរបរ បណ្តុះបណ្តាលដើម្បីភាពជោគជ័យក្នុងការងារ និងមុខរបរ សាកលវិទ្យាល័យមិនត្រឹមតែខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឥតឈប់ឈរនោះទេ ថែមទាំងព្យាយាមរិះរកគ្រប់វិធីក្នុងការលើក កម្ពស់សម្ថភាព និងគុណភាព និស្សិត ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទីផ្សារការងារដែលតែងតែប្រែប្រួលនៅក្នុងបរិបថ សាកលភាវូបនីយកម្ម និងសមាហរនកម្មក្នុងតំបន់។ ជាក់ស្ដែងតាមរយៈកម្មវិធីតម្រង់ទិសនេះ សរបញ្ជាក់ឱ្យឃើញថា សាកលវិទ្យាល័យពិតជាបានត្រៀមចិត្តត្រៀមកាយ និងលក្ខណសម្បត្តិ រួចជាស្រេច ក្នុងការអភិវឌ្ឍសម្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបដោយជាវិជ្ជមានទៅនឹងបញ្ហាប្រឈមនានា នាពេលអនាគត ។

លោកបណ្ឌិត ឈឹម ប៊ុនណារិទ្ធ ក៏បានយកឱកាសនោះ ពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក ពីលោកប្រធានក្រុមប្រឹក្សាភិបាល លោកបណ្ឌិត ស្តើង សុខុម សាកលវិទ្យាធិការ ដើម្បីក្រើនរំលឹកដល់ សមណៈនិស្សិត និស្សិតគ្រប់កម្រិត ត្រូវខិតខំសិក្សាស្រាវជ្រាវ រៀនសូត្រ ស្តាប់គ្រូពន្យល់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីក្រេបជញ្ជក់យកចំណេះដឹង ដើម្បីទទួលបានជោគជ័យក្នុងការងារ និងមុខរបរ នៅថ្ងៃអនាគត ។ ជាមួយគ្នានោះ លោកបណ្ឌិតនាយក ក៏បានជូននូវការដាស់តឿន ផ្តាំផ្ញើរពាក្យពេជ្យចំនួន ៥ ឃ្លា ដល់អ្នកសិក្សាគ្រប់កម្រិតទាំងអស់ ទី១ ៖ “នៅផ្ទះម្ដាយទីទៃ នៅក្នុងព្រៃម្តាយតែមួយ” ទី២ ៖ “ដាំដើមសិក្សាមានភាពល្វីងជូរចត់ តែផ្លែផ្កាសិក្សាគឺផ្អែមល្ហែម” ទី៣ ៖“តក់ៗពេញបំពង់ ឆុងៗកន្លះក្រហែត” ទី៤ ៖ ក្នុងពិភពលោកនេះ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ និងទី៥ ៖ គ្មាននរណាម្នាក់ ទទួលជោគជ័យដោយមិនជួបឧបសគ្គនោះទេ៕

To Top