ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយបទបញ្ជា ស្ដីពីភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ!

កំពង់ធំ: នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង អនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយបទបញ្ជា របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្ដីពីវិធានការការពារ ទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ  ជូន​ដល់​កងម្លាំង​ចម្រុះ​ដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់អូរឃ្មុង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោក ណុត  ឆៃយ៉ា អនុប្រធានការិយាល័យ​ នៃមន្ទីរបរិស្ថាន ខេត្តកំពង់ធំ​ និងជាប្រធានទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរឃ្មង បានឡើងរាយការណ៍ បញ្ជាក់ថា ក្នុងរយៈពេលជាង៩ខែកន្លងទៅនេះ កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅតំបន់អូរឃ្មង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ បានខិតខំប្រឹងប្រែងការពារ ទប់ស្កាត់ និងបង្ក្រាបមិន ឲ្យមានការ កាប់ទន្ទ្រាន ព្រៃឈើ យកដីរបស់រដ្ឋធ្វើកម្មសិទ្ធិបានឡើយ ហើយបានរកឃើញផ្ទៃដីប្រមាណជាង ១ពាន់ហិកតា ដែលក្រុមជនល្មើស លួចកាប់ទន្ទ្រានមុនពេលកងកម្លាំង ចម្រុះចេញធ្វើសកម្មភាព នាពេលកន្លងទៅ នឹងបានធ្វើការ គ្រប់គ្រងមិនឲ្យមានការបាត់បង់ ដើម្បីរក្សាទុកជាដីព្រៃ របស់រដ្ឋ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែង នូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញ ភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ដោយគ្មានការកាប់ទន្ទ្រាន ព្រៃយកដីរដ្ឋធ្វើកម្មសិទ្ធិជាថ្មីទៀត បានឡើយ ។ ហើយបច្ចុប្បន្នកងកម្លាំងចម្រុះ កំពុងបន្តសកម្មភាពយ៉ាងមមាញឹក ក្នុងការល្បាតធ្វើសកម្មភាព មិនឲ្យមានបទល្មើសកាប់ទន្ទ្រានដីព្រៃ យកធ្វើជាកម្មសិទ្ធិកើតឡើងជាថ្មីជាថ្មីទៀត​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយបទបញ្ជា របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដោយបាន​បញ្ជាក់ថា​ ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំអអស់ ដែលបានសហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានជោគជ័យ គួរជាទីមោទនៈ  ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយនូវបទបញ្ជារបស់ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានចេញបទ បញ្ជាយ៉ាងមុឺងម៉ាត់ ដល់យោធិនទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹម ដាច់ខាតមិនឱ្យមានបទល្មើសធនធានធម្មជាតិ  ទាំងបទល្មើសព្រៃឈើ និងបទល្មើសនេសាទកើតមានឡើងជាថ្មីទៀតបានឡើយ។ កងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ក្នុងភារកិច្ចរបស់ខ្លួន ដោយមិនត្រូវចូលរួមឃុបឃិតជាមួយជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ជាដាច់ខាត។  ក្នុងករណីមានយោធិនណាម្នាក់ប្រព្រឹត្តផ្ទុយពីបទបញ្ជានេះ ត្រូវទទួលវិន័យតាមច្បាប់ លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋ ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ មួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈ​​នាយ​ឧត្ដមសេនីយ៍​ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រង​ មេបញ្ជាការ​កង​ទ័ព​ជើងគោក​ ប្រគល់ជូនកងកម្លាំងចម្រុះ ដែលប្រចាំការនៅទីបញ្ជាការស្រាល តំបន់អូរឃ្មង តំបន់ត្រពាំងប្រើស សម្រាប់ប្រើប្រាស់ ក្នុងសកម្មភាពប្រចាំថ្ងៃផងដែរ ៕ ដោយសំនៀង

To Top