ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ជម្រុញដំណើរការ បើកច្រកព្រំដែន “ច១ -ឆាំរ៉ាក” ដើម្បីអោយប្រែក្លាយ ជាច្រកតំបន់ពាណិជ្ជកម្ម ឆ្លើយតបបំណងប្រាថ្នា របស់ពលរដ្ឋ និងអ្នកវិនិយោគ នៃប្រទេសទាំងពីរ

ពោធិ៍សាត់ ÷ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ ២០២៥ ដោយមានការចូលរួមពី ឧត្តមសេនីយ៍សេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៤ ពោធិ៍សាត់ ,លោកអភិបាលរងខេត្ត,មន្ទីរជំនាញនានា,កងកន្លងប្រដាប់អាវុធទាំងបី និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងគ្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅច្រកតំបន់ព្រំដែនស្ពានជ័យជំនះ”ច១”ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ការចុះពិនិត្យទីតាំងខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជម្រុញដំណើរការបើកច្រកព្រំដែន “ច១-ឆាំរ៉ាក” អោយទៅជាច្រកតំបន់ ពាណិជ្ជកម្ម និង ឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និង អ្នក វិនិយោគនៃប្រទេសទាំងពីរ ដែលកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកព្រំដែននេះ ជាព្រំដែនដែលមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង ទេសចរណ៍ល្អយ៉ាងឆាប់រហ័ស ។

នាឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានថ្លែងថា ច្រកទ្វារតំបន់ព្រំដែន ស្ពានជ័យជំនះ”ច១”ដែលស្ថិតក្នុងភូមិឯកភាព ឃីថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និង ច្រកព្រំដែន”ឆាំរ៉ាក” ដែលស្ថិតក្នុងភូមិឆាំរ៉ាក ឃុំលែក្លាត់ ស្រុកមឿង ខេត្តត្រាត ត្រូវបានប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរស្រុះស្រួល និង ឯកភាពគ្នាអោយដំណើរការឡើងវិញ ទៅជាច្រកតំបន់ពាណិជ្ជកម្ម ។ ជាមួយគ្នានោះ អភិបាលខេត្តត្រាត លោកក៍បានចារឯកភាពរួចរាល់ហើយដែរ ជុំវិញការទទួលស្គាល់ និង យល់ព្រមតម្លើងច្រកនោះ ។

លោកអភិបាល ខេត្តពោធិ៍សាត់ ក៍បានបន្តថា ដោយឡែកសម្រាប់ភាគីខេត្ត និង ខេត្ត ពោលគឺខេត្តពោធិ៍សាត់ និង ខេត្តត្រាតក៍បាន និង កំពុងត្រៀមជួបពិភាក្សាគ្នា ដើម្បីបង្កលក្ខណះនិងបង្កើនភាពស្និតស្នាល អោយកាន់តែប្រសើរឡើង ក្នុងការឆ្លើយតបអោយបានឆាប់រហ័ស តាមបំណងប្រាថ្នា នៃការបើកច្រកតំបន់ពាណិជ្ជកម្មនេះ ។

លោក ខូយ រីដា ក៍បានថ្លែងបន្ថែមថា ពិតណាស់ដំណើរការ នៃការបើកច្រកព្រំដែន គឺមិនមានភាពងាយស្រួលនោះទេ ក៍ប៉ុន្តែបញ្ហាទាំងនោះយើង មិនអាចដាក់ជាបញ្ហាធំចំបងនោះដែរ ដែលធ្វើអោយរាំងស្ទះនោះឡើយ ។ កត្តាដែលសំខាន់ច្រកព្រំដែន អាចដំណើរការទៅបានទាល់តែមានការចូល រួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយកិច្ចការងារខ្លះក៍ត្រូវមានការចូលរួម និង យោគយល់ពីសំណាក់ ប្រជាពលរដ្ឋផងដែរ ។

ជាមួយគ្នានោះដែរ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៍បានណែននិងដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ទៅដល់អាជ្ញាធរស្រុក ក៍ដូចជាអាជ្ញាធរឃុំថ្មដា ត្រូវបំផុសចលនាប្រជាពលរដ្ឋ អោយចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ព្រមទាំងចូលរួមសំអាតបរិស្ថាន អនាម័យ និងរៀបចំសណ្តាប់ធ្នាប់ នៅតាមទីសាធារណះ ក៍ដូចជានៅតាមផ្ទះអោយបានល្អប្រសើរ ជាពិសេសគ្រប់គ្រង រៀបចំទុកដាក់សំរាម និង ទប់ស្កាត់រាល់ការសាងសង់ សំណង់អនាធិបតេយ្យ ដែលមាននៅក្នុងឃុំ អោយមានប្រសិទ្ធភាពខ្ពស់ ៕

To Top