ខេត្តកំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៨២៥បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៤ ១៩៩ គ្រួសារ នៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជាកិច្ចចាប់ផ្ដើម លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍ សង្ខេបស្ដីពី លទ្ធផល នៃការអនុវត្តការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយបានបញ្ជាក់ថា ការចែកបណ្ណជូន ប្រជាពលរដ្ឋនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ នាថ្ងៃនេះមានចំនួន ៥ភូមិ សរុបចំនួន ៩ ៨២៥បណ្ណ ស្មើនឹង ៤ ១៩៩គ្រួសារ ក្នុងនោះមាន ភូមិចំការស្វាយ មានចំនួន ៣ ០៦៩បណ្ណ ស្មើនឹង ១ ១៨៤គ្រួសារ, ភូមិខ្នាច មានចំនួន ២ ០៦៩បណ្ណ ស្មើនឹង ៨២០គ្រួសារ, ភូមិវត្តសេដ្ឋី មានចំនួន ១ ៤៩៧បណ្ណ ស្មើនឹង ៨១៥គ្រួសារ, ភូមិអង្គ្រង មានចំនួន ១ ១៦៤បណ្ណ ស្មើនឹង ៥៣៣គ្រួសារ, និងភូមិពារាជ្យ មានចំនួន ២ ០២៦បណ្ណ ស្មើនឹង ៨៤៧គ្រួសារ។

បន្ទាប់មក លោក ស៊ុន ស៊ុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លី ដែលបានប្រឹងប្រែងខិតខំបំពេញភារកិច្ច ធ្វើឱ្យសម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ និងបានសម្ដែងនូវការអបអរសារទរ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លី នាឱកាសនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោករដ្ឋមន្ត្រីដែលផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញជាអធិបតីក្នុងពិធីចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនាឱកាសនេះ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ និងការស្វាគមន៍រួចមក លោក ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា អង្គពិធីដ៏អធិកអធម និងមានអត្ថន័យ នាថ្ងៃនេះ ប្រព្រឹត្តឡើងបានដោយសារគុណបំណាច់ នៃសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស ដែលកើតចេញពីពលីកម្មយ៉ាងធំធេង ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោករដ្ឋមន្ត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ សេចក្តីនឹករឭក និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ដ្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមក្នុងពីធីនេះផ្ទាល់។

លោករដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលសម្រេចបានជាបន្ដបន្ទាប់នៅទូទាំងខេត្តកំពង់ឆ្នាំង ជាពិសេស ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានលឿន និងមានប្រសិទ្ធភាព។

លោករដ្ឋមន្រ្ដី បានបន្ដទៀតថា ការងារចុះបញ្ជីដីធ្លី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាផ្នែកមួយដើម្បីធានាបាននូវសុវត្ថិភាពដីធ្លី បញ្ចៀសបាននូវរាល់ទំនាស់ដីធ្លី ទំនាស់ព្រំដី, ជាវត្ថុសម្គាល់កម្មសិទ្ធិករស្របច្បាប់ពេញលេញ ជូនអ្នកកាន់កាប់ និងអាចយកទៅប្រើប្រាស់តាមតម្រូវការ, ចូលរួមចំណែកធ្វើឱ្យតម្លៃដីអចលនទ្រព្យកើនឡើង, ជាការកំណត់ប្រភេទដី, បង្កភាពងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំដីធ្លីឱ្យមានសណ្តាប់ធ្នាប់ល្អ និង សម្រួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្រប, និងជាផ្នែកមួយ នៃការផ្តល់សេវាសាធារណៈ ផ្ទាល់ដៃជូនដល់ប្រជាពលរដ្ឋ ប្រកបដោយជំនឿទុកចិត្ត។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្រ្ដី បានផ្តល់អនុសាសន៍ ជូនដល់ ក្រុមការងារបច្ចេកទេស ត្រូវបន្តជំរុញបញ្ចប់ការងារ វាស់វែង តាមផែនការដែលបានកំណត់ ដើម្បីឈានទៅរៀបចំវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ និងសម្រេចបានខេត្តកំពង់ឆ្នាំង ជាខេត្តបន្ទាប់ បានបញ្ចប់ការងារ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ១០០% ព្រមទាំងបានផ្ដាំផ្ញើ ជូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ៖ គ្មានសកម្មភាពលួច ឆក់ ប្លន់, គ្មានការផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀន, គ្មានអំពើអណាចារ្យ ការជួយដូរមនុស្ស និងគ្មានអំពើហឹង្សាក្នុងគ្រួសារ,គ្មានក្មេងទំនើង និង គ្មានការលេងល្បែង ស៊ីសងគ្រប់ប្រភេទ គ្មានការប្រើប្រាស់អាវុធ ខុសច្បាប់ និងគ្មានបទល្មើសគ្រប់ប្រភេទ ៕



