ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញ ចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើនសកម្មភាពលំហែបៃតង ឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោករដ្ឋមន្រ្តីបានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើងចំងាយឡើងភ្នំ និងធ្វើដំណើរលើភ្នំ ប្រមាណ១០ គីឡូម៉ែត្រ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និង បន្តមកតំបន់ភ្នំខ្នងផ្សារ ដែលរដូវនេះ បានរំលេចចេញឱ្យឃើញ ទេសភាពដូចក្រាលព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានកំពុងពិនិត្យលើការ អភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិឬបេតិកភណ្ឌ ដែលមានសកម្មភាពលំហែបៃតង ដើម្បីផ្តល់ផលប្រយោជន៍ ជាចំណូលដល់សហគមន៍។

សូមបញ្ជាក់ថា នៅថ្ងៃដដែល លោកបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូក្រសួងបរិស្ថាន បានអញ្ជើចុះពិនិត្យទីតាំង សម្រាប់សាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយទៀត ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាព ព្រៃឈើកម្ពុជា ដែលមានសមត្ថភាពផលិត កូនឈើបានជាច្រើនលានដើម ក្នុងមួយឆ្នាំ ។ តាមរយៈការរួមចំណែក ដាំពីប្រជាជនគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស កម្ពុជានឹងសម្រេចគោលដៅ ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើឱ្យបានច្រើន នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានសង្ឃឹមថា នឹងមានដើម ឈើចំនួនប្រមាណ ៣លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំស្តារព្រៃ និងដាំតាមទីសាធារណៈនានា នៅក្នុងឆ្នាំ២០២៥ ហើយពិសេសដែរនោះ គឺក្រសួងក៏គ្រោងដាំដើម ត្នោតចំនួន ១លានដើមផងដែរ ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានបន្តបណ្ដុះកូនឈើ នៅតាមមន្ទីរបរិស្ថាននានា ទូទាំងប្រទេស និង រៀបចំថ្នាលបណ្ដុះកូនឈើ ខ្នាតតំបន់៥កន្លែង ជាបន្តបន្ទាប់ ដើម្បីបង្កើនការបណ្ដុះកូនឈើ ចែកជូនប្រជាពលរដ្ឋ យកទៅដាំស្តារព្រៃ ដាំតាមទីសាធារណៈ សំដៅលើកកម្ពស់ជីវភាពសហគមន៍ និងឈានឆ្ពោះទៅ កាន់ការអភិវឌ្ឍ ប្រកបដោយចីរភាព ៕
