ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ការ នាំចូលផ្លែទុរេនស្រស់ ពីប្រទេសវៀតណាម និងថៃ ក្រោយ ពីអាជ្ញាធរគយ នៃប្រទេសចិន បានរកឃើញ មានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ។ នេះយោងតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅរដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម កាលពីថ្ងៃ១៨ កុម្ភៈ ។
លិខិតបានឲ្យដឹងទៀតថា ការអនុវត្តវិធានការ នៃការហាមឃាត់នាំចូលនេះ ត្រូវធ្វើឡើងនៅក្នុងរយៈពេលខ្លីខាងមុខ ព្រោះសារធាតុBasic Yellow 2 ឬ Auramine O និង Cadmiumបានធ្វើឲ្យប៉ះពាល់ សុខភាពរបស់អ្នកហូប ។
លិខិតបានគូសបញ្ជាក់ទៀតថា “សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនលោកជំទាវ ជ្រាបថា រាជរដ្ឋាភិបាលបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿន កិច្ចការរៀបចំកសាង សមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ” ។
ការស្នើឲ្យប្រញាប់នេះ ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូល ផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការ ប្រើប្រាស់សារធាតុទាំងពីរនេះលើ ផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់ ៕
