ភ្នំពេញ៖ លោក យីន លី (Yin Li) សមាជិកការិយាល័យ នយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង បានគូសបញ្ជាក់ថា រដ្ឋធានីប៉េកាំង មានបំណងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប និងបណ្ដារដ្ឋបាលខេត្តផ្សេងទៀត របស់កម្ពុជា ។
ការថ្លែងគូសបញ្ជាក់របស់ លោក យីន លី ខាងលើនេះ ធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាត ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ វិមានសន្ដិភាព ។

ក្នុងជំនួបនេះ លោក យីន លី បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការបន្តរក្សា បាននូវសន្ដិភាព, ស្ថិរភាពនយោបាយ, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើង នូវកម្រិតជីវភាព រស់នៅរបស់ប្រជាជន។
លោក យីន លី បានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចបវរធិបតី, សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើន និងកាន់តែខ្លាំងក្លាថែមទៀត។

ក្នុងនោះ លោក យីន លី ក៏បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចិន-កម្ពុជា ក្នុងក្របខ័ណ្ឌរដ្ឋ, បក្ស និងប្រជាជន។
ជាមួយគ្នានោះ លោក ក៏បានជម្រាបជូនសម្ដេចធិបតីថា គោលបំណង នៃដំណើរទស្សនកិច្ចរបស់លលោក និងគណៈប្រតិភូនាពេលនេះ គឺចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត នូវរាល់ការឯកភាព របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ និងការបន្តជំរុញ កិច្ចសហប្រតិបត្តិការជាក់ស្ដែង ។

លោកក៏បានគូសបញ្ជាក់ថា រដ្ឋធានីប៉េកាំង មានបំណងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខេត្តសៀមរាប និងបណ្ដារដ្ឋបាលខេត្តផ្សេងទៀត ផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-ចិន។

ក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានអរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងចំពោះវិនិយោគិនចិន ដែលកន្លងមកបានបណ្ដាក់ទុនវិនិយោគជាច្រើន នៅកម្ពុជា រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖ការកសាងផ្លូវល្បឿនលឿន, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាដើម។

ជាមួយគ្នានេះ សម្ដេចធិបតី និងលោក យីន លី ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ លើវិស័យសក្ដានុពលជាច្រើនដែលរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, បច្ចេកវិទ្យាឌីជីថល, សិល្បៈ-វប្បធម៌, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជនផងដែរ ៕

