នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណៈកម្មការ ខ ២៦.១ ខេត្តកំពង់ធំ បានដឹកនាំសហការីទៅគោរពវិញ្ញាណក្ខន្ធសពលោក ហៀវ វ៉ាន់នី មន្ត្រីប្រចាំការនៅមន្ទីរគណបក្សខេត្តកំពង់ធំ ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ១២ រោច ខែមាឃ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៥:០០ នាទីព្រឹក ក្នុងជន្មាយុ៧៥ឆ្នាំដោយរោគាពាធ ដែលពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាននៃសពនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ សោម ស៊ុន បានបញ្ជាក់ថា លោក ហៀវ វ៉ាន់នី ធ្លាប់ជាអនុប្រធានមន្ទីរ និងជាអនុប្រធានកម្លាំងស្វ័យការពាររបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ក្នុងទសវត្សរ៍ទី៨០ និងទី ៩០ ហើយជាមន្ត្រីដែលមានគុណធម៌ ជារៀមច្បងដ៏ល្អ និងក្លាហានក្នុងភារកិច្ចការសហការជាមួយកងកម្លាំងអង្គភាពយោធាខេត្តកំពង់ធំ ចូលរួមចំណែកការពារខ្សែក្រវ៉ាត់ទីរួមខេត្តកំពង់ធំក្នុងសម័យសង្គ្រាម ដើម្បីទប់ស្កាត់ការវាយចូលទីរួមខេត្តកំពង់ធំ ដោយកម្លាំងក្រុមខ្មែរក្រហមនាពេលកន្លងទៅ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះការបាត់បង់ លោក ហៀវ វ៉ាន់នី ដែលជាធនធានមនុស្សដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ និងបានសូមបួងសួងឲ្យវិញ្ញាណក្ខន្ធគាត់បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។ ហើយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីនៃគណៈកម្មការ ខ ២៦.១ ខេត្តកំពង់ធំ ក៏បានសំណេះសំណាល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រជាមួយក្រុមគ្រួសារសព ដោយបានចូលរួមឧបត្ថម្ភ ថវិកាមួយចំនួន ក្នុងពិធីបុណ្យសពនេះផងដែរ នឹងបានសូមជូនពរដល់ក្រុមគ្រួសារសពសូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សំនៀង
