ព័ត៌មានជាតិ

ចិន អះអាងជាថ្មី នូវការគាំទ្រការកាន់អំណាចយូរអង្វែង របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលបន្តវេន

រូបភាព៖ SHS MEDIA

ភ្នំពេញ៖ សមាជិកការិយាល័យនយោបាយ និងលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន រដ្ឋធានីប៉េកាំង លោក យីន លី (Yin Li) បានអះអាងជាថ្មីថា ភាគីចិនគាំទ្រការកាន់អំណាចយូរអង្វែង របស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច។

ការថ្លែងះអះអាងនេះ ធ្វើឡើងក្នុងឱកាសលោក យីន លី ចូលជួបសម្ដែងការគួរសម ជាមួយសម្ដេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅវិមាន ៧មករា រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនលោក យីន លី (Yin Li) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដែលសម្តេច បានចាត់ទុកថានឹងរួមចំណែកពង្រឹងពង្រីកថែម​ទៀត នូវចំណងមិត្តភាព​ដែកថែប ​កិច្ចសហប្រតិបត្តិការ​នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង​ជ្រោយ និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារ​ខ្ពស់ ក្នុងយុគសម័យថ្មី ។

លោក យីន លី បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យ លោកនិងគណៈប្រតិភូ ចូលជួបសំដែងការគួរសមក្នុងឱកាសដែល លោកបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជា ។

លោកក៏បានពាំនាំជូន សម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ស៊ី ជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងបានបន្តថា សម្តេចគឺជាមិត្តចាស់របស់ថ្នាក់ដឹកនាំចិន និងជាអ្នកនយោបាយជើងចាស់មួយរូប ដែលទទួលបានការគោរពជាខ្លាំង នៅក្នុងប្រទេសចិន ព្រមទាំងបានរួមចំណែកយ៉ាងធំធេង ដល់ការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន។​

លោក បានជម្រាបជូន សម្តេច ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺក្នុងគោលបំណង ៖(១) អនុវត្តកុងសង់ស៊ីសនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ (២) ពង្រឹងការទុកចិត្តគ្នាទៅវិញទៅមក (៣)ធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅថ្នាក់ក្រោមជាតិ និង (៤)ជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

លោកបានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេច កម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើននូវសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាបន្តបន្តាប់។

លោក យីន លី (Yin Li) បានអះអាងជាថ្មីថា «ទោះស្ថិតក្នុង ស្ថានភាពពិភពលោកមានការប្រែប្រួលស្មុគ្រស្មាញយ៉ាងណាក៏ដោយ ចិននៅតែការគាំទ្រការកាន់អំណាចយូរអង្វែង របស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច»។

លោកបន្ថែមថា ចិន គាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយ​ឡែករបស់កម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជា។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះលោក យីន លី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក​ប្រធានាធិបតី ស៊ី ជីនពីង និងសូមផ្តាំផ្ញើសេចក្តីនឹករលឹករបស់ សម្តេច​ ទៅ លោក ស៊ី ជីនពីង វិញផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់កម្ពុជា ចិនគឺជាមិត្តដ៏ធំបំផុត ជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្ត បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» ។ អរគុណមិត្តចិន ដែលគាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយ​ឡែករបស់កម្ពុជា រួមទំាងផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើន ដល់កម្ពុជាកន្លងមក ជំនួយរបស់មិត្តចិនមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជួយពង្រឹងឯករាជ្យភាព របស់កម្ពុជា ផងដែរ ។

សម្តេចមានជំនឿជាក់យ៉ាងមុតមាំ ចំពោះមិត្តចិន ក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា ក្រោមកម្មវិធី «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» ដែលនឹង ចូលរួមចំណែកដល់ការផ្លាស់ប្តូរ យុវជននៃប្រទេសទាំងពីរ៕

To Top