ភ្នំពេញ៖ លោក យីន លី (Yin Li) សមាជិកការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង បានស្នើសុំរដ្ឋបាល រាជធានីភ្នំពេញ លើកិច្ចសហប្រតិបត្តិការ ចំនួន ៤ចំណុច ដោយសំដៅលើការពង្រឹងទំនាក់ទំនង និងពាណិជ្ជកម្ម ។

ការស្នើសុំរបស់លោក យីន លី (Yin Li) ខាងលើនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ ដែលធ្លាប់ជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងមួយនេះ មានការអភិវឌ្ឍរីកចម្រើន ហើយការរីកចម្រើនលើគ្រប់វិស័យនេះ គឺមិនអាចផ្តាច់បានពីការចូលរួម ជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ពីមិត្តចិនបានឡើយ។ បើទោះបីរាជធានីភ្នំពេញ មានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមាន តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះស្រាយ ពិសេសលើការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹងជាដើម។

លោកអភិបាលរាជធានី បន្តថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា បានប្រែក្លាយ ប្រទេសកម្ពុជានិងចិន ទៅជាទំនង់ទំនង មិត្តភាពដែកថែប។ បច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តទំនាក់ទំនង ជាមួយប្រទេសចិនបានល្អ និងគ្រប់ជ្រុងជ្រោយ ជាមួយនិងការជំរុញឱ្យក្មេងៗជំនាន់ក្រោយ បន្តទំនាក់ទំនងនេះឱ្យកាន់តែល្អ និងយូរអង្វែងបន្តទៀត។
លោក ឃួង ស្រេង បានបន្តទៀតថា តាមរយៈទំនងប្រទេសចិន និងកម្ពុជា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាព ជាមួយទីក្រុងរបស់ប្រទេសចិន បានចំនួន៩ទីក្រុងហើយ ក្នុងនោះទីក្រុងប៉េកាំង បានចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ តាំងពីមុនការរីករាដាលជំងឺកូវីដ-១៩ ពោលគឺក្នុងឆ្នាំ២០១៨មកម្ល៉េះ។ តាមរយៈទីក្រុងសម្ព័ន្ធមេត្រីភាពនេះ ទីក្រុងប៉េកាំង បានជួយរាជធានីភ្នំពេញជាច្រើន ទាំងសម្ភារ បរិក្ខា និងថ្នាំពេទ្យជាដើម ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ថ្លែងក្នុងឱកាសនេះ លោក យីន លី បានគូសបញ្ជាក់ថា ចិន និងកម្ពុជា ជាមិត្តកម្រិតខ្ពស់ មានសុខរួមសុខ មានទុក្ខរួមទុក្ខ និងមានជោគវាសនារួមគ្នា។
លោក យីន លី បានបញ្ជាក់ថា គោលបំណងនៃដំណើរ ទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនាពេលនេះ គឺដើម្បីចូលរួម អនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត ស្របតាមការឯកភាពរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ។ រដ្ឋធានីប៉េកាំង មានបំណងពង្រីក កិច្ចសហប្រតិបត្តិការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថល សិល្បៈ វប្បធម៌ ទេសចរណ៍និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។

បន្ថែមពីលើគោលបំណងខាងលើលោក យីន លី បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ លើកិច្ចសហប្រតិបត្តិការចំនួន ៤ចំណុចបន្តែមទៀត រួមមមាន៖ ទី១ ការរក្សាទំនាក់ទំនងល្អរវាងគ្នានឹងគ្នា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ លើចំណុចសក្ដានុពល របស់ទីក្រុងទាំងពីរ។ ទី២ ពង្រឹងសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ស្របតាមខ្លឹមសារ នៃភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន-កម្ពុជា ដែលមានស្រាប់ លើវិស័យទីផ្សារកសិផល សេដ្ឋកិច្ចឌីជីថល ជំរុញសហគ្រាស និងក្រុមហ៊ុនរបស់ទីក្រុងប៉េកាំង មកវិនិយោគនៅ រាជធានីភ្នំពេញ និងអញ្ជើញអភិបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចការងារ នៅទីក្រុងប៉េកាំងវិញ។ ទី៣ ជំរុញទំនាក់ទំនងស៊ីជម្រៅ រវាងប្រជាជននិងប្រជាជន តាមរយៈវិស័យវប្បធម៌ ទេសចរណ៍ សុខាភិបាល ទំនាក់ទំនងយុវជន និងយុវជន ព្រមទាំងសមាគមគ្រូ និស្សិត។ល។ ទី៤ ការចែករំលែក បទពិសោធន៍រវាងគ្នានឹងគ្នា លើការងារគ្រប់គ្រងទីក្រុង ការរៀបចំទីក្រុង ការងារទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធព្រមទាំងការ សហការរវាងសហគ្រាស និងសហគ្រាស៕
