ព័ត៌មានជាតិ

កងទ័ពជើងគោកកម្ពុជា-អាមេរិក ប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបប្រជុំទ្វេភាគីជាមួយ លោកនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក មេបញ្ជាការកង-ទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ខណៈដែលោកដែល រ៉ូណាល់ ខ្លាក កំពុងដឹកនាំគណៈប្រតិភូ​ បំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់កងទ័ពជើង គោកកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនេះ សមភាគីទាំងពីរ បានអបអរសាទរ ចំពោះខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនង ការទូត កម្ពុជា-សហរដ្ឋអាមេរិក និងបានសាទរអំពីការរីកចម្រើន នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ប្រឆាំងភេរវកម្ម ថែរក្សាសន្តិភាព ការបោសសម្អាតមីន ការរុករកអិដ្ឋធាតុអតីតយោធាអាមេរិកបាត់ខ្លួន និងកិច្ចសហប្រតិបត្តិការយោធា។

ក្នុងនោះដែរ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលសម្រេចបន្តឡើងវិញ នូវកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីយោធាកម្ពុជា និងការបន្តផ្តល់ជំនួយ ដល់វិស័យសកម្មភាពមីន នៅប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ អំពីសារៈសំខាន់ នៃជំនួបសន្ទនា នៅក្នុងវិស័យការពារជាតិ ដើម្បីកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។

លោក ម៉ៅ សុផាន់ ក៏បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយនិង លោកនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក ព្រមទាំងបានលើកឡើង​ នូវគោលគំនិតកិច្ចសហប្រតិបត្តិការ មួយចំនួន ដើម្បីជំរុញមិត្តភាព ភាពជាដៃគូប្រកបដោយភាពស្ថាបនា តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក បានថ្លែងកត់សម្គាល់ កិច្ចសហប្រតិបត្តិការយោធា បានងាកមកគន្លងវិជ្ជមាន ដោយមានការផ្លាស់ប្តូរទស្សនកិច្ច ការចូលចតនាវាលើកដំបូង ក្រោយពីការខកខាន អស់រយៈពេល៨ឆ្នាំ និងបានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ លើការរុករកអដ្ឋិធាតុកងទ័ព អាមេរិកដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌។

លោករ៉ូណាល់ ខ្លាក ក៏បានជម្រាបអំពី គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការយោធា កម្ពុជា-សហរដ្ឋអាមេរិក និយាយជារួម កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង កងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក និយាយដោយឡែក។

បន្ថែមលើនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងលោកនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក ក៏បានពិភាក្សាលើសកម្មភាពកិច្ចសហប្រតិបត្តិការ មួយចំនួនរួមមាន៖ (១) កិច្ចសហប្រតិបត្តិការការងារបោស សម្អាតមីន (២) កិច្ចសហប្រតិបត្តិការរុករកអដ្ឋធាតុ កងទ័ពអាមេរិកដែលបានបាត់ខ្លួន (៣) ការផ្លាស់ប្តូរបទ ពិសោធន៍ជំនាញ (៤) កិច្ចសន្ទនាកងទ័ពជើងគោក RCA-US LANDFORCE TALK (៥) ពិនិត្យលទ្ធភាព ធ្វើជាសហប្រធាន ម្ចាស់ផ្ទះរៀបចំ សិក្ខាសាលា ស្តីពីការគ្រប់គ្រងកងទ័ពជើងគោក នៃបណ្តាប្រទេស ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក IPAMS និង(៦) ការរៀបចំឡើងវិញ លំហាត់ឆ្មាំអង្គរផងដែរ៕

To Top