ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ នឹងរៀបចំសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ឆ្នាំ២០២៥ រយៈពេល២ថ្ងៃ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងនឹងរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥” រយៈពេល ២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅ​ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ (OCIC)។

សន្និបាតនេះរៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួង ទេសចរណ៍សម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ សំដៅរួមចំណែកអនុវត្តវិធានការគន្លឹះ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ ។

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាត និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ ពិនិត្យអំពីវឌ្ឍនភាព វាយតម្លៃលើលទ្ធផលការងារ សម្រេចបាន ក្នុងឆ្នាំ២០២៤ កន្លងទៅ និងលើកឡើងអំពីវិធានការគន្លឹះ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយមានកិច្ចពិភាក្សា ការផ្លាស់ប្តូរមតិយោបល់ និងបទពិសោធ ដើម្បីទទួលបាន នូវធាតុចូលថ្មីបន្ថែម ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកប ដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទសន្និបាត ព្រមទាំងផ្តល់អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ណែនាំ តម្រង់ទិសលើការអភិវឌ្ឍវិស័យ ទេសចរណ៍នៅកម្ពុជា សំដៅជំរុញការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ -ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ៕

To Top