ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សរុបចំនួន ១.៥១៨នាក់ (នារី៨៩១នាក់) នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ត្រូវបានបង្កើតឡើង តាមអនុក្រឹត្យលេខ៦៣ អនក្រ.បក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៦ ។
ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្ត របស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានរៀបចំចក្ខុវិស័យ បេសកកម្ម ផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីបណ្ដុះបណ្ដាលកម្មវិធីអប់រំ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតប្រកបដោយគុណភាព មានឥរិយាបថល្អ ឆ្លើយតបទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ។

ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់គណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀនក្នុងការ អនុវត្តផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាព របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នាំឱ្យសាកលវិទ្យាល័យ មានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តសៀមរាប មានការគាំទ្រពីអ្នក សិក្សាគ្រប់មជ្ឈដ្ឋាន ព្រមទាំងមានការទទួលស្គាល់ ពីស្ថាប័នជាតិ អន្តរជាតិ៕









