ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគាស់រំលឹកពីអតីតកាល កាលពីជំនាន់សម្តេច បានរៀននៅអនុវិទ្យាល័យ និង វិទ្យាល័យថា មានមិត្តភិក្តមួយចំនួន និងមនុស្សខ្លះបានឌឺដង មកកាន់សម្តេចថា មិនបាច់ខិតខំប្រឹងប្រឹងរៀនសូត្រទេ គង់តែឡើងថ្នាក់ទេ ។
ប៉ុន្តែដើម្បីជំនះនូវពាក្យ ដែលគេនាំគ្នាឌឺដងនេះ សម្តេចបានប្តេជ្ញាខិតប្រឹងរៀនសូត្ររហូតជាប់ចំណាត់ថ្នាក់លេខ១និងលេខ ហើយក៏បានជាប់ឡើងថ្នាក់រហូត ។ សម្តេចថា ទោះអ្នកផ្សេង មិនបានដឹងក៏ដោយ ប៉ុន្តែយ៉ាងណាគង់មានគ្រូ និងមិត្តភិក្តក្នុងថ្នាក់រៀនទេ ដែលដឹងពីសមត្ថភាពរបស់សម្តេច ។
សម្តេចរំលេចទៀតថា ដូច្នេះកុំខឹងស្អប់គេ គ្រាន់តែគេដាក់ផ្លែផ្កាឲ្យ តែត្រូវប្រឹងដើម្បីឲ្យឃើញលទ្ធផល ដើម្បីបង្ហាញឲ្យគេឃើញផ្ទាល់ភ្នែក ទៅដល់ពួកគេ ដែលមិនពេញចិត្តខ្លួន ។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានប្រៀបធៀប នឹងការដឹកនាំនាពេលបច្ចុប្បន្ននេះ គឺសម្តេចបានខិតខំដឹកនាំប្រទេស យ៉ាងស្វិតស្វាញ ដោយប្រឹងជំនះ របស់ក្រុមអ្នករិះគន់ផងដែរ។
សម្តេចធិបតី បានមានប្រសាសន៍ថា “ព្រោះរឿងមិនមែនត្រឹម នយោបាយទេ តាំងពីខ្ញុំនៅរៀន តាំងពីខ្ញុំនៅរៀន ថ្នាក់អនុវិទ្យាល័យ វិទ្យាល័យតែងតែ មានគេមកឌឺដងគេថា ណែតឯង មិនបាច់រៀនក៏ជាប់ដែរ គ្មានពីណាឲ្យធ្លាក់ទេ ។ ខ្ញុំថា ឥឡូវយើងធ្វើម៉េច ទៅអង្គុយយំ…អត់ខ្ចី ថាថាទៅខ្ញុំមិនមាត់ តែខ្ញុំនឹងបង្ហាញ តាមរយៈខ្ញុំរៀនឲ្យបានលេខ១លេខ២ តាមរយៈការប្រឡងបាក់ឌុបបានពិន្ទុល្អ ព្រោះមានតែគ្រូខ្ញុំទេ អាចបង្ហាញ និងមិត្តភិក្ត ដែលរៀនជាមួយគ្នា ប្រកួតប្រជែង អ្នកណាថាអីថាចុះ ប៉ុន្តែនេះហើយជាកត្តាជោគជ័យ” ។
សម្តេចធិបតីបានក៏បានប្រៀបផ្ទឹមថា ជាក់ស្តែង ការធ្វើការងារ នៅស្ថាប័នអីចឹងដែរ កាលណាតែថ្នាក់លើ ដាក់កិច្ចការអ្វីឲ្យមួយ អ្នកណាម្នាក់ធ្វើនោះ គឺថ្នាក់លើបានទុកចិត្តលើសមត្ថភាព បុគ្គលិកនោះហើយ ៕
