ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍, រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្ត ចម្ងាយ ៧៥ គម ដោយចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍ ឆ្ពោះទៅទីរួមខេត្តតាកែវ ក្នុងគោលបំណង ត្រៀមរៀបចំចូលរួមអបអរ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ និងចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍ខេត្តតាកែវ ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ខាងលើ ដើម្បីចូលរួមអបអរទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ព្រមទាំងឧបត្ថម្ភសម្ភារសិក្សា ដល់សិស្សានុសិស្សនៅស្រុកបាទី ខេត្តតាកែវ។
សម្រាប់អ្នកដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចអញ្ជើញចុះឈ្មោះបាន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
សូមបញ្ជាក់បញ្ជាក់ថា ចំពោះការចុះឈ្មោះចូលរួមមិនមានបង់ថវិកា នោះទេ ដោយកំណត់អ្នកចូលរួមចំនួន ២០០នាក់ ខណៈដែលអ្នកចូលរួមនឹងទទួលបានអាវយឺតជិះកង់ចំនួន ១ ភេសជ្ជៈ និងអាហារសម្រន់។
ក្រសួងទេសចរណ៍ ក៏បានអំពាវនាវ ដល់សប្បុរសជនទាំងអស់ ដែលមានបំណងចង់ចូលរួមបរិច្ចាគ ឬឧបត្ថម្ភដល់ សិស្សានុសិស្សខ្វះខាតជាសម្ភារសិក្សា ឬថវិកា សូមមេត្តាទំនាក់ទំនងតាមរយៈលេខទូរសព្ទ ទី១ លោក សុខ វណ្ណា ០១១ ៨៣៣ ៣១៨ និងទី២ លោក ហឿន សំណាង ០៦១ ៩០៤ ៣២៥៕
