ព័ត៌មានជាតិ

អ្នកវិភាគឯកភាព ចំពោះការលើកឡើង របស់នាយករដ្ឋមន្ត្រី ដែលអះអាងថា មានការរីកចម្រើន នៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងកម្ពុជា-ចិន

អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង សូមគាំទ្រចំពោះការលើកឡើង របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទិននឹងការរីកចម្រើន នៃទំនាក់ទំនងគ្រប់កម្រិត និង កិច្ចសហប្រតិបត្តិការ គ្រប់វិស័យកម្ពុជា-ចិន ។

ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ក្នុងពេលទទួលជួប ឯកឧត្តម Yin Li សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង នៅវិមានសន្ដិភាព កាលថ្ងៃទី២៤ ខែកុម្ភៈ នេះបើតាមផេកហ្វេសបុកផ្លូវការ របស់សម្តេចធិបតី ។

ថ្លែងប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី២៥ ខែកុម្ភៈ លោកបណ្ឌិត កៅ មុយថង បានលើកឡើងថា ការរីកចម្រើន ដែលកើតចេញពីទំនាក់ទំនង រវាងកម្ពុជាចិន យើងអាចមើលឃើញដោយផ្ទាល់ នោះគឺ រួមមាន កត្តាការវិនិយោគពីវិនិយោគិនចិន ក្នុងនោះ ចិនបានផ្តល់ការវិនិយោគធំបំផុតនៅកម្ពុជា ជាពិសេសនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនទៀត ដែលមាននៅកម្ពុជា ។

លោកបណ្ឌិតថា ក្រៅពីនេះ ក៏មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផងដែរ ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ បានរីកចម្រើនយ៉ាងខ្លាំង ដោយមានការពង្រីក ពាណិជ្ជកម្ម និងការវិនិយោគ។ លើសពីនេះ ក៏មានកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យា និងអប់រំ ក៏បានរីកចម្រើនដែរ។ កម្ពុជាក៏បានទទួលអត្ថប្រយោជន៍ ពីគម្រោងអាស៊ាន-ចិន និងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ ឬ ផ្លូវសូត្រ របស់ចិន ដែលបានជួយពង្រឹងការតភ្ជាប់ និងការសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់។

«ក្រៅពីនេះ ក៏មានកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ ដែលបានជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អ រវាងប្រជាជននៃប្រទេសយើងទាំងពីរ ហើយក៏ឃើញមាន កិច្ចសហប្រតិបត្តិការខាងកិច្ចការនយោបាយ រវាងប្រទេសប្រទេសទាំងពីរ មានភាពរឹងមាំ ដោយប្រទេសទាំងពីរ មានការគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ»

ជារួម លោកបណ្ឌិត សូមវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យ នៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាព កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
គួរបញ្ជាក់ថា ក្នុងជំនួបនោះ សម្ដេចបវរធិបតី ក៏បានអរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងចំពោះវិនិយោគិនចិន ដែលកន្លងមកបានបណ្ដាក់ទុនវិនិយោគជាច្រើន នៅកម្ពុជា រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម៕

To Top