ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារ និងទម្រង់បែបបទមួយចំនួន សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់ តាមរបៀបវារៈម្តងមួយៗ និងបានកែសម្រួលពាក្យពេចន៍មួយចំនួន ហើយបានអនុម័តដូចខាងក្រោម៖
១.របៀបវារៈទី១៖ អនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
២.របៀបវារៈទី២៖ អនុម័តលើឯកសារបោះពុម្ពផ្សាយ ចំនួន ៤មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ រួមមាន៖
-ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប ។
-សេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥។
-ខិត្តបណ្ណស្តីពីឯកសារសម្រាប់ប្រើប្រាស់ ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
-សឺមីសម្រាប់ដាក់ឯកសារព័ត៌មាន (Press Kits)។
៣.របៀបវារៈទី៣៖ អនុម័តលើឯកសារ រួមមាន៖
-សេចក្តីជូនដំណឹងស្តីពី ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារ-ព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
-ទម្រង់ពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មាន។
-ទម្រង់ប្រវត្តិរូបសង្ខេបជាភាសាខ្មែរ និងភាសាអង់គ្លេស។
-បណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
៤.របៀបវារៈទី៤៖ អនុម័តលើសេចក្តីព្រាងសៀវភៅណែនាំស្តីពី នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញ ត្រូវពិនិត្យឱ្យបានហ្មត់ចត់បន្ថែមទៀត លើសៀវភៅនោះ មុននឹងធ្វើការបោះពុម្ព។
៥. របៀបវារៈផ្សេងៗ៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាអំពីការបញ្ចេញសំឡេង ពាក្យ “ជីវមាត្រ” ថា តើគួរប្រើសំឡេងអានដូចម្តេច?៕











