ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈចិន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការ កងកម្លាំង អនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-ចិន ដែលតែងតែផ្ដល់ កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក ។

ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានថ្លែងអំណរគុណ ដល់ស្ថានទូតចិន ប្រចាំកម្ពុជា និង ក្រសួងសន្តិសុខសាធារណៈចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ និងផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុ នៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រយៈពេលកន្លងមកកាន់តែប្រសើរឡើង ថែមទៀត។

លោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈចិន បានបង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងក្រសួងទាំងពីរ នឹងបន្តរីកលូតលាស់ជា លំដាប់ និងបង្កលក្ខខណ្ឌកាន់តែសមស្រប ដល់ការបំពេញបេសកកម្មពង្រឹង ការអនុវត្តច្បាប់ សំដៅរួមចំណែកអនុវត្ត សម្រេចបានដោយជោគជ័យនូវគម្រោង និងផែនការ សហប្រតិបត្តិការនានា ដែលស្ថាប័នទាំងពីរ បានផ្តួចផ្តើមក្នុងពេលកន្លងមក ។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រីកចំណង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយឈរលើស្មារតីមិត្តភាព ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រោមការដឹកនាំ ប្រកបដោយភាព ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ៕
