ព័ត៌មានជាតិ

អាណាព្យាបាលពលករខ្មែរ​ ដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាត់ទុកការបញ្ចុះបញ្ចូលពលករ ចូលរួមធ្វើបាតុកម្ម ជាល្បិចខ្ចីខ្នងយុវជន ចម្លងភក់ របស់ក្រុមអ្នក នយោបាយប្រឆាំង

ភ្នំពេញ ៖ អាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ការបញ្ចុះបញ្ចូលយុវជន កូនៗចៅៗ ដែលជាពលករខ្មែរ នៅបរទេសឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯង នៅលើទឹកដីបរទេស ជាល្បិចកលខ្ចីខ្នងពលករចម្លងភក់ ហើយក្នុងនាមជារាស្រ្ត មានឈាមជ័រជាខ្មែរ ត្រូវមានគុណធម៌ សម្រាប់ជាតិមាតុភូមិ។ ទន្ទឹមនឹងនេះអាណាព្យាបាលមានការព្រួយបារម្ភ ចំពោះសុវត្ថិភាព និងនិរន្តរភាពការងារកូនៗ របស់ខ្លួន បន្ទាប់ពីមានការកៀរគរធ្វើបាតុកម្មជារើយៗ ពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស។ 

លោកតា ខិត ទូច ជាអាណាព្យាបាលពលករដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញពីការព្រួយបារម្ភខ្លាំងណាស់ចំពោះកូនៗចៅៗរបស់ខ្លួន បន្ទាប់ពីមានការកៀរគរ ឱ្យមានការធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេសជារើយៗដូច្នេះ ដែលទង្វើទាំងនេះ លោកតាចាត់ទុកថា ជាការបង្កើតភាព ចលាចលខ្លាំងណាស់ សម្រាប់ជាតិមាតុភូមិ ។ ការធ្វើឱ្យមានភាពចលាចល ពីសំណាក់ខ្មែរលើទឹកដីបរទេស វាប៉ះពាល់ណាស់ ដល់កិត្តិយសជាតិ ធ្វើឱ្យបរទេសដៀលត្មះ មកលើជាតិខ្លួនឯង ជាពិសេសប៉ះពាល់ដល់ ការងាររបស់ខ្លួនឯង ដែលជាពលករធ្វើការនៅបរទេសតែម្តង។ លោកតាបានសង្កត់ធ្ងន់ថា ក្នុងនាមជាពលករដែលមានឈាមជាខ្មែរ ដែលចាកចេញពីប្រទេស កំណើតទៅធ្វើការនៅបរទេស ហើយត្រលប់មកវាយ ប្រហារលើទឹកដីប្រទេសកំណើតខ្លួនឯង វាមិនត្រឹមត្រូវនោះឡើយ ។ តួនាទីនិងកាតព្វកិច្ចរបស់យើងត្រូវតែមានសម្រាប់ជាតិ ប្រសិនបើការប្រព្រឹត្ត របស់បុគ្គលជាពលរដ្ឋខ្មែរ ធ្វើឱ្យបរទេសវាយតម្លៃលើប្រទេសខ្លួនឯង វាជារឿងដ៏អាក្រក់ណាស់ សម្រាប់ជាតិមាតុភូមិរបស់ខ្លួន។

លោកតាផ្តាំទៅកូនៗចៅៗដែលជាពលករខ្មែរ កំពុងធ្វើការនៅប្រទេសកូរ៉េ សូមកុំចាញ់បោកការឃោសនា ឱ្យមានបាតុកម្ម វាជាល្បិចកល របស់ក្រុមប្រឆាំងទាំងស្រុង ។ សូមជឿជាក់មកលើថ្នាក់ ដឹកនាំដែលខិតខំណាស់ សូម្បីតែទៅធ្វើការនៅប្រទេសកូរ៉េ បានចំណូលខ្ពស់នេះ ក៏ជាការខិតខំរបស់ថ្នាក់ដឹកនាំដែរ ។ ដូច្នេះក្នុងនាមជាមនុស្ស ជាឈាមខ្មែរ ត្រូវមានចិត្តស្មោះត្រង់ និងមានគុណធម៌ដល់ជាតិ។

ដោយឡែកលោកតា ម៉ៅ យី ជាអាណាព្យាបាលរបស់ពលករ នៅសាធារណរដ្ឋកូរ៉េ បានលើកឡើងពីក្តីព្រួយបារម្ភ ចំពោះការធ្វើឱ្យមានបាតុកម្មជារើយៗ ពីសំណាក់អតីតក្រុមអ្នកនយោបាយនៅក្រៅប្រទេសដោយ គ្មានបានការអ្វីនោះឡើយ។ លោកតាបានប្រដូចការកៀរគរពលករខ្មែរឱ្យចូលរួមបាតុកម្មនេះ គឺជាការផ្តល់គុណវិបត្តិមួយ ដល់ពលករដោយមិនដឹងខ្លួន ខណៈពួកគេកំពុងមានសុវត្ថិភាព មានសិទ្ធិជ្រកកោន និងកំពុងធ្វើការនៅបរទេស ដើម្បីរកប្រាក់ផ្ញើរមកក្រុមគ្រួសារ ។ លោកតាបានសង្កត់ធ្ងន់ថា កន្លងមកជាបទពិសោធន៍ ហើយរាល់ការធ្វើបាតុកម្មដែលគ្មានអ្វីជាដុំកំភួននោះទេ ក្រៅពីបង្កឱ្យមានចលាចលពីសំណាក់ខ្មែរ លើទឹកដីបរទេស ។ លោកចោទសួថា តើនណាថា ការធ្វើបាតុកម្មគឺជាដំណោះស្រាយ? គ្មាននោះទេបាតុកម្មបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជាតិមាតុភូមិ ជាពិសេសប៉ះពាល់ដល់ស្ថានភាពការងាររបស់ពលករលើទឹកដីបរទេស។ វាសមមុខណាស់មែនទេ ដែលខ្មែរខ្លួនឯង វាយប្រហារទឹកដីកំណើតខ្លួនឯង នៅលើទឹកដីបរទេស?

លោកតាផ្តាំទៅកូនចៅគ្រប់ៗគ្នា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ សូមស្ងប់ស្ងាត់បន្តធ្វើការជាធម្មតា កុំជ្រួលជ្រើមតាមការញុះញង់ របស់ក្រុមអ្នក នយោបាយប្រឆាំង ពីព្រោះពួកគេបាននិងកំពុងបោកប្រាស់ កូនចៅហើយ។ លោកតាថា បន្ទាប់ពីមានបាតុកម្មរួច ពួកទាំងនោះគេបានវិលត្រលប់ ទៅប្រទេសដែលពួកគេរស់នៅ មិនមែនប្រទេសកូរ៉េនោះទេ ដូច្នេះប្រសិនបើប៉ះពាល់ដល់កន្លែងធ្វើការ នោះអ្នកដែលរងផលប៉ះពាល់គឺពលករ មិនមែនអ្នកកៀរគរធ្វើបាតុកម្មនោះឡើយ ។

គួរបញ្ជាក់ថា ការលើកឡើងពីក្តីព្រួយបារម្ភ របស់អាណាព្យាបាលនិងក្រុមគ្រួសារពលករខ្មែរបែបនេះ បន្ទាប់ពីមានការកៀរគរពលករខ្មែរ នៅសាធារណរដ្ឋកូរ៉េសារជាថ្មីពីសំណាក់ក្រុមអតីត អ្នកនយោបាយប្រឆាំងជ្រុលនិយម ដើម្បីចូលរួមបាតុកម្មប្រឆាំងដំណោះស្រាយ របស់រាជរដ្ឋាភិបាលលើករណីកោះគុតជាមួយភាគីថៃ។ នេះពុំមែនលើកទីមួយទេ ដែលអតីតក្រុមអ្នកនយោបាយប្រឆាំងទាំងនេះបានកៀរគរពលរដ្ឋខ្មែរធ្វើបាតុកម្ម ក៏ប៉ុន្តែពុំមានពលករខ្មែរច្រើនលើសលុបចូលរួម សកម្មភាពរបស់ពួកគេនោះទេ ពីព្រោះពលករបានយល់ឃើញថាការធ្វើបាតុកម្ម របស់ក្រុមប្រឆាំងគឺគ្មានខ្លឹមសារ ដែលអាចដោះស្រាយបញ្ហាបាននោះទេ៕

To Top