ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន តែងតែផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រយៈពេលកន្លងមក។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លីវ ចុងអ៊ី (LIU ZHONGYI) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជំនួបដ៏មានសារសំខាន់នេះ ធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ ពិសេសការផ្លាស់ប្តូយោបល់គ្នាទៅវិញទៅមកលើយន្តការដែលមានស្រាប់ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលភាគីទាំងពីរបានធ្វើរួមគ្នាកន្លងមកឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលខ្ពស់បន្ថែមទៀត។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា «សូមថ្លែងអំណរគុណស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ និងផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រយៈពេលកន្លងមក»។


ជាការឆ្លើយតប លោក លីវ ចុងអ៊ី បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្តល់កិច្ចសហការល្អនាពេលកន្លងមករវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ ហើយ លោក សង្ឃឹមថា ទំនាក់ទំនងរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងកាន់តែរីកលូតលាស់បន្ថែមទៀត៕
