ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គោលការណ៍ ដល់កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដើម្បីពិភាក្សាជាមួយអាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើង នូវផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី ក្នុងគោលដៅផ្តល់ភាពងាយស្រួល ។

ការផ្តល់គោលការណ៍របស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងបន្ទាប់ពីសម្តេច ធិបតី បានអញ្ជេីញចូលទស្សនាប្រាសាទដំរីក្រាប និងសំណេះសំណាល ជាមួយប្រជាសហគមន៍ទេសចរណ៍អន្លង់ធំ ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ពោលក្រោម បញ្ចប់ពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សរុបចំនួន ១.៥១៨នាក់ (នារី៨៩១នាក់) នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

ក្នុងដំណេីរនេះ សម្តេចធិបតី បានលេីកឡេីងថា ក្រោយពីសំណេះសំណាល និងធ្វេីដំណេីរដោយផ្ទាល់តាមរយៈការជិះម៉ូតូ ខ្ញុំបានបានផ្តល់គោលការណ៍ ដល់កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដើម្បីពិភាក្សាជាមួយអាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើង នូវផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី ក្នុងគោលដៅផ្តល់ភាពងាយស្រួល បញ្ចៀសគ្រោះថ្នាក់ និងទាក់ទាញអ្នកទេសចរ ឱ្យបានកាន់តែច្រើនទៅកាន់កន្លែងនោះ ។

តាមរយៈការធ្វេីដំណេីរតាមមធ្យោបាយម៉ូតូ នាឱកាសសូមសម្តេចធិបតី ក៏បានសុំការយោគយល់ ពីនគរបាលចរាចរណ៍ផងដែរ ដោយសារសម្តេច មិនបានពាក់មួយសុវត្ថិភាព ព្រោះធ្វើដំណើរក្នុងតំបន់ព្រៃភ្នំ ។

សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍អន្លង់ធំ មានសមាជិកចំនួន ៣២៥គ្រួសារ បម្រើដល់សេវាកម្មទេសចរណ៍ដូចជា ម៉ូតូជួល ផ្ទះស្នាក់ (Homestay) និងអាហារ លើភ្នំគូលែន ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមានសក្តានុពលសម្បូរទៅដោយបុរាណស្ថាន និងប្រាសាទនានា បែងចែកចេញជាវង់ធំ និងវង់តូច សរុបចំនួន ៨៥ទីតាំង ដោយអាចធ្វើដំណើរដោយថ្មើរជើង (Trekking) និង សេវាកម្មម៉ូតូជួល ៕

