ព័ត៌មានជាតិ

បណ្ឌិតយង់ ពៅ ៖ ដំណើរទស្សនកិច្ច មេទ័ពជើងគោក អាមេរិកនៅកម្ពុជា បង្ហាញពីទំនាក់ទំនងកាន់តែល្អ

ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានស្ថានការណ៍ នយោបាយបានមើលឃើញថា ក្នុងដំណើរទស្សនកិច្ច របស់មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិកនៅកម្ពុជា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្ហាញឲ្យឃើញពីទំនាក់ទំនង រវាងប្រទេសទាំង២កាន់តែ ល្អប្រសើរបន្ថែមទៀត ។

នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាកាលពីថ្ងៃទី២៤-២៥ កុម្ភៈ ។ នាឱកាសនោះលោកអនុញ្ញាត ឲ្យចូលជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៦ កុម្ភៈ លោកបណ្ឌិត យង់ ពៅ បានមើលឃើញថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់មេទ័ពជើងគោក ជាន់ខ្ពស់របស់អាមេរិកនៅកម្ពុជា បានបង្ហាញ នូវសញ្ញាវិជ្ជមានយ៉ាងច្រើន សម្រាប់ប្រទេសទាំងពីរ ខណៈកន្លងមក មានក្រុមមនុស្សមួយចំនួន បានចោទប្រកាន់ថា កម្ពុជា លំអៀងជាខ្លាំងទៅរកមហាអំណាចចិន ។ លោកថា នេះបានសបញ្ជាក់ថា កម្ពុជាមានទំនាក់ទំនងល្អ ជាមួយអាមេរិក និងបណ្តាប្រទេសផ្សេងទៀត មិនចំពោះតែប្រទេសណាមួយនោះទេ ។

លោកគូសបញ្ជាក់ថា “ទស្សនកិច្ចមេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិកមកកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជាសញ្ញាល្អមួយ ។ និយាយរួមយើងអាចកត់សម្គាល់ថា ជាសញ្ញាវិជ្ជមានមួយ សម្រាប់ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ។ និយាយឲ្យចំគឺទំនាក់ទំនង ក្នុងវិស័យយោធាដែលវិស័យយោធា ជាមួយសហរដ្ឋអាមេរិកនេះយើងធ្លាប់មានទំនាក់ទំនងល្អនឹងគ្នាដែលមានសមយុទ្ធឆ្មាំអង្គរជាដើម និងការពង្រឹងទៅលើសមត្ថភាពអ្វីផ្សេងទៀត ក៏ដូចជាជំនួយយោធាផ្សេងទៀតដែរ” ។

ប៉ុន្តែលោកថា ការទំនាក់ទំនងនោះ ក៏ត្រូវបានកាត់ផ្តាច់វិញនាអំឡុងឆ្នាំ២០១៧ ទាំងវិស័យយោធា នយោបាយបាយ និងជំនួយផ្សេងៗទៀត ។ ដោយឡែក សម្រាប់ជំនួបជាថ្មី ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី និង មេទ័ពកម្ពុជា គឺសញ្ញាដ៏ល្អមួយ ដែលអាចនាំឲ្យមាន ទៅដល់ការមានទំនាក់ទំនង ផ្នែកនយោបាយ ជំនួយផ្សេងៗ និងការធ្វើសមយុទ្ធឆ្មាំអង្គរ ជាមួយគ្នាឡើងវិញផងដែរ ដែលត្រូវការគ្នាទៅវិញទៅមក ទោះបីជាកម្ពុជាជាប្រទេសតូច ក៏ដោយតែក៏បានរួមចំណែកជាមួយសហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងក្នុងវេទិកាអាស៊ានជាដើម ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក បានធ្វើដំណើរទស្សនកិច្ច នៅកម្ពុជាពេលនេះ ស្របពេលខួបលើកទី៧៥ ទំនាក់ទំនងការទូតរវាងកម្ពុជា-អាមេរិក ។ នេះក៏ជាលើកទី២ ដែលមេបញ្ជាការ កងទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈលើកទី១ ដឹកនាំដោយនាយឧត្តមសេនីយ៍ វ៉ីនសេន ប៊្រុក (VINCENT BROOKS) កាលពីអំឡុងឆ្នាំ២០១៤ ៕

To Top