ភ្នំពេញ ៖ ក្នុងឱកាសទទួលបានការ អនុញ្ញាតចូលជួបពិភាក្សា ការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៦ កុម្ភៈនេះ លោកលីវ ចុងអ៉ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈចិន បានថ្លែងកោតសរសើរ សម្ដេចបវរធិបតី ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្រ, គោលនយោបាយ និងគំនិតផ្ដួចផ្ដើមថ្មីៗជាច្រើន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការងារអភិបាលកិច្ចប្រទេស ។

ក្នុងឱកាសនៃជំនួបលោក លីវ ចុងអ៉ី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសន្ដិសុខ។
លោកបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចបវរធិបតី ប្រទេសកម្ពុជា នឹងបន្តសម្រេចបាន នូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ លោក លីវ ចុងអ៉ី ក៏បានគូសបញ្ជាក់ផងដែរថា ភាគីចិនរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាមួយភាគីកម្ពុជា ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែង នូវការពេញចិត្ត ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ ពីលទ្ធផលជាច្រើន នៅក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ជាពិសេសលើវិស័យសន្ដិសុខ។
ជាមួយគ្នានោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ប្ដេជ្ញាបន្តរក្សាសន្តិភាព និងធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រសួង និងស្ថាប័ន្ធពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែម ជាពិសេស លើការកសាងសមត្ថភាព និងការផ្លាស់ប្ដូរព័ត៌មាន ៕
