ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាពង្រឹងលើចំណេះវិជ្ជា ដល់កូនសិស្សសាលាតាំងពីនៅថ្នាក់បឋមសិក្សា ដើម្បីឈានទៅដល់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ។
ក្នុងពិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជននិងកីឡា នារសៀលថ្ងៃ២៦ កុម្ភៈ សម្ដេចធិបតី បានមានប្រសាសន៍ថា ការបន្តពង្រឹងលើវិស័យអប់រំគឺជាវិធានគន្លឹះមួយដ៏សំខាន់មិនអាចខ្វះបានឡើយ ហើយគោលដៅរបស់សម្ដេចមានតាំងពីមុនពេលបោះឆ្នោតអាណត្តិទី៧មកម្លេះ ពីព្រោះការអប់រំនេះ គឺត្រូវតែមានគ្រឹះរឹងមាំតាំងពីថ្នាក់មូលដ្ឋានមក ដើម្បីឈានទៅចាប់យកសញ្ញាបត្រ កុំឲ្យដូចពាក្យគេនិយាយថា “មានតែសញ្ញាបត្រ តែសញ្ញាឃើញអត់មាន” ។
សម្តេចធិបតីគូសបញ្ជាក់ថា “ពង្រឹងគឺពង្រឹងគ្រប់កម្រិត យើងមិនមែនពង្រឹងតែមូលដ្ឋាននោះទេ យើងពង្រឹងគ្រប់កម្រិតគ្រប់ពេលវេលាទាំងអស់ ប៉ុន្តែដែលខ្ញុំសំដៅទៅលើពង្រឹងមូលដ្ឋានគឺយើងត្រូវបង្កើនកំលាំងពិសេស ថាមពលពិសេស ធនធានពិសេសដើម្បីទៅអន្តរាគមន៍ក្នុងដំណាក់កាលថ្មីណាមួយ។ អាហ្នឹងដូចទ័ពចឹងមុខព្រួញទាំងអស់ត្រូវទប់ ប៉ុន្តែគេប្រើកំលាំងពិសេសសម្រាប់ទិសសំខាន់ណាមួយ។ ដូចគ្នាសម្រាប់អប់រំខ្ញុំគិតថា ពង្រឹងមូលដ្ឋាន គឺជាកិច្ចការសំខាន់”។
សម្តេចនាយករដ្ឋមន្រ្តីក៏បន្ថែមថា ការពង្រឹងនេះគឺសម្តេចបានដាក់គោលដៅ១២ឆ្នាំតាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ ដើម្បីឲ្យបានចំណេះពិតប្រាកដមុនចូលថ្នាក់មហាវិទ្យាល័យដែលគោលដៅនេះ ផ្តោតជាគោលលើថ្នាក់បឋមសិក្សាឲ្យច្បាស់លាស់ជាមុនសិន ។
សម្តេចធិបតីសង្កត់ធ្ងន់ថា បើមិនចេះសរសេរនិងអានបូកគុណលេខ នៅថ្នាក់បឋមទេ ពេលឡើងដល់អនុឬវិទ្យាល័យពិតជាពិបាកក្នុងការចាប់យកសញ្ញាបត្របញ្ចប់ការសិក្សាហើយ ។ ក្នុងនោះបើសិនបានទទួលសញ្ញាបត្រ ហើយពេលទៅសិក្សានៅសកលវិទ្យាល័យក៏គ្មានគុណភាពដែរ ។ ដូច្នេះគោលដៅចម្បងគឺពង្រឹងនៅថ្នាក់មូលដ្ឋានពោលគឺថ្នាក់បឋមឲ្យបានរឹងមាំជាមុនសិន ៕
