ព័ត៌មានជាតិ

សម្តេចធិបតី ឱ្យអភិបាលខេត្តទាំងអស់ ផ្តល់សិទ្ធិទៅមន្ទីរជំនាញ ក្នុងការជ្រើសរើសនាយកសាលា កុំចង់ប៉ះពាល់លើកិច្ចការងារនេះ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តាំទៅកាន់អភិបាលខេត្ត ជាពិសេសអភិបាលស្រុកទាំងអស់ កុំចង់គ្រប់គ្រងលើកិច្ចការងារ ជ្រើសរើសនាយកសាលា ក៏ដូចជាគ្រូបង្រៀន ត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរជំនាញ ដូចជាមន្ទីរអប់រំ ឱ្យជ្រើសរើស ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការជ្រើសរើស នាយកសាលាជាអ្នកគ្រប់គ្រងអង្គភាពអប់រំមួយ សំខាន់ណាស់ ក្នុងនោះការជ្រើសរើសគ្រូបង្រៀន ក៏សំខាន់ផងដែរ ដែលត្រូវយកចិត្តទុកដាក់ ។

ហេតុដូចនេះ សម្តេចធិបតី បានឱ្យអភិបាលខេត្តទាំងអស់ កុំចង់គ្រប់គ្រង់លើកិច្ចការងារ ជ្រើសរើសនាយកសាលា ត្រូវប្រគល់ជូនទៅមន្ទីរអប់រំ យុវជន និងកីឡា ជាអ្នកចាត់ចែង ។

សម្តេចធិបតី មានប្រសាសន៍ថា “ត្រូវរើសគ្រូឱ្យច្បាស់ ហើយសុំឱ្យអភិបាលខេត្ត ដូចមកទាំងអស់គ្នា សុំប្រគល់សិទ្ធិនេះ ឱ្យមន្ទីរដើម្បីអនុវត្តតាមនិយាម សហការក្នុងការរើសគ្រូ កំណត់ទៅតាមនេះ ការិយាយល័យស្រុក ជាសេនាធិការធ្វើការចុះ ប៉ុន្តែសុំកុំឱ្យអភិបាលស្រុក ទៅជាអ្នករើសគ្រូ ឬមួយរើសនាយកសាលា ខ្ញុំសុំឱ្យហ្នឹង ដើម្បីគ្រប់គ្រង” ។

ការដែលសម្តេចសុំកុំឱ្យអភិបាលខេត្ត ដែលមានអភិបាលស្រុកជាសេនាធិកា កុំចង់គ្រប់គ្រង់លើធ្វើកិច្ចការងារជ្រើសរើសនាយកសាលា រាប់ចាប់ពីបឋមសិក្សា ដោយសារសម្តេចធិបតី កត់សម្គាល់ថា អភិបាលស្រុកខ្លះ មានអតីតភាពជាទាហាន ជំនាញខាងច្បាំងជាដើម ដូច្នេះការជ្រើសរើសនេះ ត្រូវធ្វើយ៉ាងណា ឱ្យមានគុណវុឌ្ឍ ខណៈសម្តេចបញ្ជាក់ថា កិច្ចការនេះ ត្រូវយកចិត្តទុកដាក់ពីថ្នាក់ក្រោមទៅ កុំចាំទៅដល់លើ ប្រៀបបានជាអាគារមួយ ត្រូវការគ្រឹះរឹងមាំពីក្រោមឡើងទៅ ។

សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ចឹងត្រូវរើស ថ្នាក់បឋម ថាមតេយ្យតូចុះមិនអីទេ តែបឋមនេះ ត្រូវតែរើសឱ្យបានត្រូវតែម្តង ឱ្យរឹងមាំ ទាំងនាយក ទាំងគ្រូ ត្រូវតែធ្វើយ៉ាងមិច ឱ្យមានគុណវុឌ្ឍ នេះគឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ហើយត្រូវប្រគល់សិទ្ធិ និងអនុវត្ត សហការជាមួយនឹងជំនាញ ព្រោះជួនកាលអភិបាលស្រុកគាត់មែនជំនាញទេ អភិបាលស្រុកខ្លះ គាត់អតីតទាហាន គាត់ច្បាំងមួយជីវីត” ៕

To Top