ព័ត៌មានជាតិ

សម្តេចធិបតី៖ ការសិក្សាមិនត្រូវឱ្យរាំងខ្ទប់ ដោយសារបញ្ហាខ្វះអាគារនោះទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាលើហេដ្ឋារចនាសម្ព័ន្ធ​ អាគារសិក្សា ក្នុងវិស័យអប់រំ មិនត្រូវឱ្យក្លាយជាឧបស័គ្គរាំងខ្ទប់ ដល់ការសិក្សានោះឡើយ ដែលទាមទារឱ្យចេះឆ្នៃប្រឌិត តាមលទ្ធភាពកំពុងមាន ហើយបន្តចូលរួមដើម្បីឱ្យកាន់តែប្រសើរ ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា មនុស្សបន្តកើនឡើង ពោលសិស្សានុសិស្ស មានច្រើនជាងអាគារសិក្សា ទាំងអាគារចាស់ៗ និងអាគារដែលកំពុងសាងសង់ថ្មីជាបន្តបន្ទាប់ ខណៈអាគារចាសៗ ក៏ត្រូវការជួសជុល ឬកែសម្រួលបន្ថែម ដូច្នេះទាមទារឱ្យចេះប្រើប្រាស់យន្តការឆ្នៃប្រឌិត តាមរយៈយន្តការស្វែងដំណោះស្រាយទៅតាមថវិកា ដែលមានកម្រិតជាបណ្តើរៗ កុំចាំទាល់តែមានថវិកាពេញលេញ ។

សម្តេចធិបតី មានប្រសាសន៍ថា “ធ្វើយ៉ាងណាដើម្បីឱ្យបានដោះស្រាយបញ្ហានេះ ប៉ុន្តែទោះជាយ៉ាងណា ហេដ្ឋារចនាសម្ព័ន្ធមួយ បើសិនជាការឆ្នៃប្រឌិត តួរអង្គគ្រូ តួរអង្គនាយក តួរអង្គឪពុកម្តាយសិស្ស ទោះបីជាអត់ហេដ្ឋារចនាសម្ព័ន្ធ ក៏ឆ្នៃបានដែរ ជំនាន់ចេញពីអាពត រៀនក្រោមដើមអម្ពិល រៀនក្រោមវត្ត រៀនក្រោមអី ឆ្នៃបាន ការសិក្សា មិនត្រូវចាំបាច់ជាឧបស័គ្គ ត្រូវបានខ្ទប់ដោយសារខ្វះអាគារនោះទេ បើចឹងយើងអត់អាគារ ទាល់តែធ្វើអាគារហើយ សិស្សអត់ទេ យើងឆ្នៃបណ្តើរៗ ហើយនេះហើយការរួមគ្នាធ្វើ” ។

ទោះជាយ៉ាងនេះក្តី សម្តេចធិបតី ក៏យល់ឃើញដែរថា បើមានអគារសិក្សាល្អៗ នឹងជួយជំរុញកាន់តែប្រសើរជាងនេះ តែបើសិនជាមិនទាន់មាន ក៏មិនត្រួវឱ្យអាក់ខាន ក្នុងការសិក្សារបស់សិស្សានុសិស្សនោះដែរ ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានអំពាវនាវ និងថ្លែងអំណរគុណ ចំពោះសប្បុរសជន ក៏ដូចជាដៃគូនានា ដែលបានជួយគាំទ្រ ដល់វិស័យអប់រំរបស់កម្ពុជា តាមរយៈការឧបត្ថម្ភទាំងថវិកា សម្ភារៈ និងបរិក្ខាជាដើមនាពេលកន្លងមក៕

To Top