ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ប្រព័ន្ធអប់រំមានតម្រូវការបន្ទាន់ ក្នុងការរួមបញ្ចូលកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការអប់រំ ដើម្បីរៀបចំសិស្ស និស្សិត និងយុវជនឱ្យបានគត់មត់ សម្រាប់ទីផ្សារការងារ។
ក្នុងឱកាសបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងបរិបទបច្ចុប្បន្ន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានចូលរួមចំណែកនៅក្នុងការលើកកម្ពស់លទ្ធផលសិក្សា ជំរុញការប្រើប្រាស់វិធីសាស្រ្តបង្រៀន ប្រកបដោយភាពច្នៃប្រឌិត និងទំនើបកម្មសម្ភារៈសិក្សាក៏ដូចជាក្នុងទីផ្សារការងារ ក៏ប៉ុន្តែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏អាចជាបញ្ហាប្រឈមមួយសម្រាប់ប្រព័ន្ធអប់រំ នាពេលបច្ចុប្បន្ន។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ប្រព័ន្ធអប់រំមានតម្រូវការបន្ទាន់ ក្នុងការរួមបញ្ចូលកម្មវិធីបញ្ញាសិប្បនិម្មិតទៅក្នុងការអប់រំ ដើម្បីរៀបចំសិស្ស និស្សិត និងយុវជនឱ្យបានគត់មត់ សម្រាប់ទីផ្សារការងារ ដែលកំពុងមានការវិវត្តជាបន្តបន្ទាប់»។
លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា គ្រូបង្រៀនវិញ បានប្រើប្រាស់ AI ដើម្បីរៀបចំមេរៀន និងកិច្ចតែងការបង្រៀន ការប្រើប្រាស់ AI ដើម្បីពិនិត្យកិច្ចការរបស់សិស្ស កាត់បន្ថយការប្រើប្រាស់ពេលពេលវេលា ក្នុងការផលិតធនធានបង្រៀន ព្រមទាំងជួយដល់ការងាររដ្ឋបាលសិក្សាផ្សេងៗ ដូចជា៖ ការបកប្រែភាសា ការស្វែងរកព័ត៌មាន ការសរសេរអត្ថបទ ការបង្កើតមេរៀន សំណួរ វីដេអូបង្រៀន ផលិតរូបភាពដើម្បីប្រើប្រាស់ក្នុងការបង្រៀន និងល្បែងសិក្សា។
លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ក្រសួងនឹងដាក់ចេញនូវវិធានការមួយចំនួន ដូចជា៖ ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន សមត្ថភាពសិស្ស និងនិស្សិតឆ្នើមលើផ្នែកបច្ចេកវិទ្យា ការធ្វើបរិវត្តកម្ម ការធ្វើទំនើបកម្មសម្ភារៈឌីជីថល ព្រមទាំងការវិនិយោគលើបុគ្គលដែលមានសមត្ថភាព មានទេពកោសល្យ និងមានការប្តេជ្ញាចិត្តខ្ពស់ការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី ស្របតាមបំណិនសតវត្សទី២១ និងការធ្វើកំណែទម្រង់ការបណ្តុះបណ្តាលគ្រូ។
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ក្រសួង មានទិសដៅបញ្ជ្រាបបច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិត (AI) ដែលជាមធ្យោបាយជំនួយដល់ការរៀន និងការបង្រៀន។ គ្រូបង្រៀននៅតាមជនបទ ក៏អាចប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្រៀនបានល្អប្រសើរផងដែរ ប្រសិនបើគ្រូបង្រៀនមានផ្នត់គំនិត និងការប្តេជ្ញាចិត្តទទួលយកបច្ចេកវិទ្យាអប់រំថ្មី។ ចំណុចខាងលើនេះទាមទារនូវកិច្ចសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងនឹងរៀបចំយន្តការវាយតម្លៃទទួលស្គាល់គ្រូល្អ បង្រៀនបច្ចេកវិទ្យា រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូ និងខ្វះបន្ទប់រៀន៕
