ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការជំរុញសុខដុមនីយកម្ម សាសនា គឺជា DNA គណបក្ស ប្រជាជនកម្ពុជា ខណៈជាការធានាភាពសុខសាន្ត និងសុខដុមរមនាសង្គមជាតិ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្ស ប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិ នៃរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់គោលការណ៍នេះជានិច្ច និងធានាបន្តអនុវត្តគោល នយោបាយនេះ ព្រោះជាការធានាភាពសុខសាន្ត និងសុខដុមរមនា របស់សង្គមជាតិទាំងមូល ។

ថ្លែងក្នុងឱកាសអញ្ជើញ ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ច ប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិង ពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ជាតិ សាសនា ព្រះមហាក្សត្រ គឺ ជាបាវចនាជាតិរបស់កម្ពុជា ហើយរដ្ឋធម្មនុញ្ញកំណត់ យកសាសនា ព្រះពុទ្ធជាសាសនារបស់រដ្ឋ ។

ក្នុងនោះសម្តេចធិបតី ក៏បានសម្តែង នូវមោទនភាពក្រៃលែង ដែលអង្គការសម្ព័ន្ធពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីភាព ភាពអត់ឱន និងភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានខិតខំកសាង មកយ៉ាងលំបាក និងថែទាំយ៉ាង យកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំ មិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែង របស់កម្ពុជា ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ដូចដែលខ្ញុំបានលើកក្នុងពេលថ្មីនេះមកថា ជាតថភាពប្រវត្តិសាស្ត្រ ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្ស ប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍នេះជានិច្ច ។ ក្នុងនាមខ្ញុំ ជាថ្នាក់ដឹកនាំបន្តវេន ខ្ញុំសូមធានាអះអាងថា យើងនៅតែបន្តអនុវត្ត គោលនយោបាយនេះ ពីព្រោះនេះគឺជាការធានាភាព សុខសាន្ត និងសុខដុមរមនា របស់សង្គមជាតិយើងទាំងមូល”៕

To Top