ព័ត៌មានជាតិ

ចំណូលពីវិស័យទេសចរណ៍ ៣,៦ពាន់លានដុល្លារ បានចាក់បញ្ចូល ក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ចំណូលពីវិស័យទេសចរណ៍ នៅឆ្នាំ២០២៤ ដែលមានការកើនឡើង ជាងឆ្នាំ២០២៣ បាននាំឲ្យមានការ កើនថវិកា ប្រមាណជា៣,៦ពាន់លានដុល្លារ បានចាក់បញ្ចូលទៅក្នុង ចរន្តសេដ្ឋកិច្ចកម្ពុជា ។

ក្នុងឱកាសពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ វិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥” នាថ្ងៃ២៧ កុម្ភៈ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសរំលេចថា វិស័យទេសចរណ៍ មានលក្ខណៈជាប្រព័ន្ធដែលជាវិស័យអាទិភាព ត្រូវបានកំណត់ជា “មាសបៃតង” ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារនិងមុខរបរ, ប្រាក់ចំណូល, ជំរុញការនាំចេញនៅនឹងកន្លែង, ទាក់ទាញការវិនិយោគ, ការ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ, ការការពារធនធានធម្មជាតិ និងលើកស្ទួយកិត្យានុភាព ជាតិលើឆាកអន្តរជាតិ។

លោកបន្តថា ការរីកចម្រើននៃវិស័យ ទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែក ក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យឯកជន ឲ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ, ចំណូល និងចលករជំរុញសកម្មភាព សេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់ ។

លោកគូសបញ្ជាក់ថា “ជាក់ស្តែងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលទេសចរអន្តរជាតិបានជាង ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងទេសចរជាតិ ប្រមាណ ២២,៥លាននាក់ កើនឡើងជាង២០% រួមជាមួយចំណូល ទេសចរណ៍បានចាក់បញ្ចូល ក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា ប្រមាណ៣,៦ពាន់លានដុល្លារ” ។

លោកបន្ថែមថា ដោយសារក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែង សហការគ្នាពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រទេសដៃគូ និងអង្គការជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឲ្យវិស័យទេសចរណ៍ ងើបឡើងវិញជាបណ្តើរៗ ចាប់ពីឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្ន បើទោះបីជាវិបត្តិ នៃជំងឺកូវីដ-១៩ នៅបន្តមានឥទ្ធិពលនៅឡើយ៕

To Top