ព័ត៌មានជាតិ

ករណីបានដឹងលឺ បុគ្គលណា ទារលុយជាថ្នូរ ចូលក្របខណ្ឌកងទ័ពជើងគោក ត្រូវរាយការណ៍ជាបន្ទាន់

ភ្នំពេញ ៖ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពល ខេមរភូមិន្ទបំពេញក្របខ័ណ្ឌ ឲ្យកងទ័ពជើងគោក បានប្រកាសថា បើអ្នកណាបានដឹង លឺអំពីបុគ្គលណាម្នាក់ ទារលុយ ឬតម្រូវឲ្យបង់លុយ ជាថ្នូរ ចូលក្របខណ្ឌកងទ័ពជើងគោក ត្រូវរាយការណ៍មកជាបន្ទាន់ ។

ការប្រកាសនេះ ក្នុងគ្រាក្រសួងការពារជាតិ ប្រកាសជ្រើសរើស ពលទាហានថ្មី ចំនួន ២០០០នាក់ ដើម្បី បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋាន ទ័ពជើងគោក និងបញ្ជាការដ្ឋានទ័ពជើងទឹក កាលពីថ្ងៃ១១ កុម្ភៈ ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់ភាព មិនប្រក្រតីក្នុងដំណើរ ការជ្រើសរើស យុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោក នាថ្ងៃ២៦ កុម្ភៈបានឲ្យដឹង ដើម្បីផ្តល់ឱកាសប្រកប ដោយតម្លាភាព និងយុត្តិធម៌ ដល់យុវជនទូទៅ ក្នុងការដាក់ពាក្យ ចូលបម្រើ កងយោធពលខេមរភូមិន្ទ ជាពិសេសចូលរួមទប់ស្កាត់ ក្នុងករណីមានបុគ្គលមួយចំនួន ឆ្លៀតឱកាសកេងចំណេញ តាមរយៈការធ្វើសកម្មភាពសូកប៉ាន់ផ្សេងៗ ប្រាសចាកគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ គណៈកម្មការអំពាវនាវដល់សាធារណៈជន អាណាព្យាបាល និង បេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មានជាបន្ទាន់ ក្នុងករណីមានបុគ្គល ណាទារលុយ ឬតម្រូវឲ្យបង់ប្រាក់ជាថ្នូរនិងការ ចែកពាក្យ ទទួលពាក្យ ដើម្បីទទួលបានក្របខ័ណ្ឌ។

គណៈកម្មការ គូសបញ្ជាក់ជាថ្មីម្តងទៀតថា រាល់បុគ្គលដែលប្រព្រឹត្តខុស និងគោលការណ៍ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

ករណីមានបុគ្គលឆ្លៀត ឱកាសដូចជម្រាប ជូនខាងលើសាធារណៈជន អាណាព្យាបាលនិង បេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មាន មកក្រុមការងារដោយផ្ទាល់ តាមទូរស័ព្ទលេខ 012 352 020/076 217 50 95/096 811 12 02/066 556 6561៕

To Top