ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ តម្លៃសន្តិភាព របស់កម្ពុជា ត្រូវបានទទួលស្គាល់ជាសកល

ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បួណា បានអះអាងពីតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានខិតខំរកដោយលំបាកថា គឺមានតម្លៃជាសកល ដែលមានអ្នកទទួលស្គាល់ទូទាំងពិភពលោក មិនមែនត្រឹមតែនៅកម្ពុជា ប៉ុណ្ណោះទេ ។

ក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្តីពី “រាជរដ្ឋាភិបាល នីតីកាលទី៧ នៃរដ្ឋសភា ជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរ”នាថ្ងៃ២៧ កុម្ភៈ លោកប៉ែន បូណា បានមានប្រសាសន៍ពីតម្លៃសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានព្យាយាមខិតខំរកដោយលំបាក អស់ជាង៣ទសវត្សមកនោះ គឺពិត ជាមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ដូច្នេះត្រូវរួមគ្នាការពារសន្តិភាព ។

លោកបន្តថា ដោយសារសម្តេចតេជោ បានរកតម្លៃសន្តិភាព ដោយលំបាកនោះហើយ ទើបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តថែរក្សាតម្លៃសន្តិភាព សម្រាប់ឲ្យមនុស្សជំនាន់ក្រោយឲ្យរស់នៅ ក្នុងដំបូលសន្តិភាព ជៀសវាងជួបភ្លើងសង្គ្រាមដូចពីអតីតកាល ដោយមិនឲ្យក្រុមប្រឆាំងមួយក្តាប់តូចមកបំផ្លាញបានឡើយ ព្រោះពួកគេប្រឆាំងសព្វបែបយ៉ាង សូម្បីតែសន្តិភាព។

លោកគូសបញ្ជាក់ថា “តម្លៃសន្តិភាពនៅកម្ពុជា មិនត្រឹមតែមានប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែតម្លៃសន្តិភាពនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាសកល ជាតម្លៃដែលមនុស្សជាតិ នៅលើភពផែនដីទាំងមូលចង់បាន”។

អំពីតម្លៃសន្តិភាពនេះដែរ ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានលើកបង្ហាញពីកម្ពុជា បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំង នៃគណៈកម្មាធិការកសាងសន្តិភាព អង្គការសហប្រជាជាតិ អាណត្តិ២០២៥-២០២៦ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤កន្លងមក ។ ដូចគ្នានេះដែរ សម្តេចតេជោ ដែលជាប្រតិបត្តិករសន្តិភាព ក៏បានទទួលពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី។

ទន្ទឹមនឹងនេះដែរ លោកប៉ែន បូណា ក៏បានផ្តាំទៅក្រុមប្រឆាំង ដែលបានចំអកឡកឡឺ ចំពោះតម្លៃសន្តិភាពថា ដូច្នេះល្មមភ្លឺភ្នែកហើយ កុំធ្វើនយោបាយផ្ទុយពីនិន្នាការ របស់ពលរដ្ឋខ្មែរ ក៏ដូចជាការផ្ទុយពីនិន្នាការ របស់ពិភពលោក ហើយក៏កុំយកអង្កាមបាច់បញ្ច្រាស់ខ្យល់ដែរ ព្រោះគ្មានផលប្រយោជន៍អ្វីនោះទេ មានតែនាំទុក្ខទោសដល់ខ្លួនឯងទៅវិញទេ ៕

To Top