ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា បរិមាណសំណល់ប្លាស្ទិក ដែលកំពុងកើនឡើងច្រើន និងកំពុងបន្ថែម សម្ពាធយ៉ាងខ្លាំង ទៅលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបរិស្ថាន ដូច្នេះ ចាំបាច់ត្រូវរួមគ្នា ប្រយុទ្ធនឹងសត្រូវនេះ ដើម្បីកាត់បន្ថយ សំណល់ប្លាស្ទិកនៅកម្ពុជា និងជំរុញឱ្យកម្ពុជា មានភាពស្អាត ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោង ស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង បរិស្ថាន លោករដ្ឋមន្រ្តី បានថ្លែងថា ដើម្បីកម្ពុជា ស្អាត បន្ទាប់ពីចំនួនថង់ប្លាស្ទិក ត្រូវបានមើល ឃើញមានការបោះចោល និង មានការប្រើប្រាស់ច្រើន នាពេលកន្លងមកក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិក ប្រើប្រាស់ឡើងវិញ កែច្នៃ និងទាញយកជាថាមពល ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះគម្រោង ដែលបានចុះហត្ថលេខារួមគ្នានាពេលនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក ដល់ភាពស្អាត នៅក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជាពិសេសកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកតែម្តងបោះចោល។

លោករដ្ឋមន្រ្តី បានណែនាំឱ្យពង្រឹងការអប់រំបរិស្ថាន តាមរយៈយុទ្ធនាការ របស់ក្រសួងបន្តទៀត នៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងសហគមន៍មូលដ្ឋាន និងការផ្តល់ធុងសំរាមដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងបែងចែកសំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ ត្រូវពិនិត្យរៀបចំលិខិតបទដ្ឋាន គតិយុត្តិ ដើម្បីគ្រប់គ្រងប្លាស្ទិក ពិសេសប្លាស្ទិក ដែលប្រើតែម្តង ព្រមទាំងជំរុញវិធាន លើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែមរបស់អ្នកផលិត ទាក់ទងនឹងឥណទាន ប្លាស្ទិកសម្រាប់កម្ពុជា ។

លោកជំទាវ Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានសំដែងនូវសេចក្តីសង្ឃឹមថា គម្រោងស្តីពី “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន” នឹងចូលរួមជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថបន្ថែមទៀត ឆ្ពោះទៅរកផលិតកម្មស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព និងបង្កើនសេដ្ឋកិច្ចចក្រានៅកម្ពុជា។ គម្រោងលើកទឹកចិត្តផ្តល់ការគាំទ្រទុន លើការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងការអនុវត្តគម្រោងផងដែរ។

ក្នុងឱកាសនោះ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងសាទរ ចំពោះការខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការពង្រឹង គុណភាពបរិស្ថាន និងបានប្រកាសគាំទ្រពង្រឹងកិច្ច សហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសជាមួយក្រសួងបរិស្ថាន និងដៃគូសហការផ្សេងទៀត ដើម្បីដោះស្រាយបញ្ហា សំណល់ប្លាស្ទិក នៅទីប្រជុំជននៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោងស្តីពី “ការពង្រឹងសមត្ថភាព ដោះស្រាយសំណល់ប្លាស្ទិក នៅទីប្រជុំជន” បានទទួលការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ពីប្រទេសជប៉ុន និងការគាំទ្រ បច្ចេកទេសពីអង្គការ UNDP ។ គម្រោងស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នឹងកំណត់គោលដៅតំបន់ទីក្រុង នៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ សៀមរាប និងព្រះសីហនុ និងខេត្តជាប់មាត់សមុទ្រ មានខេត្តកែប កំពត និងកោះកុង ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព៕
