ព័ត៌មានជាតិ

ក្រសួងការងារបើក «សន្និបាតបូកសរុបលទ្ធផល​ ការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥»

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើក «សន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥» ក្រោមអធិបតីភាពលោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

កម្មវិធីបើកសន្និបាត ដែលប្រព្រឹត្តទៅ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រួមមានវត្តមានចូលរួមរបស់ ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងបណ្តាក្រសួងស្ថាប័ន, គណៈអភិបាលរាជធានី ខេត្ត, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស, តំណាងសមាគមនិយោជក ដៃគូអភិវឌ្ឍ និងសហជីព សរុបប្រមាណមួយពាន់នាក់។

ថ្លែងនៅក្នុងពិធីបើកសន្និបាត លោកស្រី​ សុវណ្ណ វណ្ណារតន៍ មានប្រសាសន៍ថា សន្និបាតរបស់ក្រសួងនាថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ទី១ ដើម្បីជួបប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងគ្រប់លំដាប់ថ្នាក់, និងទី២ ដើម្បីបូកសរុប វាយតម្លៃ នូវលទ្ធផលការងារ ដែលក្រសួងសម្រេច បាននារយៈពេល១ឆ្នាំកន្លងមក និងកំណត់បញ្ហាប្រឈមចម្បងៗ និងផ្តល់ឱកាសទូលំទូលាយ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រធានអង្គភាព ចែករំលែកនូវឧត្តមានុវត្តន៍ជាក់ស្តែង រួមនិងកិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់ ក្នុងការស្វែងរកដំណោះស្រាយសមស្រប លើបញ្ហាប្រឈមទាំងឡាយ ដែលអាចនឹងលេចឡើងនាឆ្នាំខាងមុខ និងពេលអនាគត ។

លោកស្រី​រដ្ឋលេខាធិការប្រចាំការ បានបង្ហាញថា ទោះបីត្រូវជួបនូវបញ្ហាប្រឈមចម្បងៗ ជាច្រើនទាំងការប្រឈមខាងក្នុងនិងខាងក្រៅ ក្នុងរយៈពេល១ឆ្នាំ កន្លងទៅនេះក្តី ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីភាពជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងគ្រប់ជាន់ថ្នាក់ បានធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តសម្រេចបានសមិទ្ធផល និងវឌ្ឍនភាពជាច្រើន។

ទន្ទឹមនឹងនេះ លោកស្រី​រដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យមានការពិភាក្សាផុសផុល នៅក្នុងសន្និបាតរបស់ក្រសួងនៅពេលនេះ ពីព្រោះមតិយោបល់ និង ធាតុចូលសំខាន់ៗ ដែលក្រសួង នឹងទទួលបានពីការពិភាក្សា នៅថ្ងៃនេះនឹងជួយជំរុញ ការលើកកម្ពស់ការងារ ក្រសួងឱ្យកាន់តែ ប្រសើរថែមទៀត សំដៅរួមចំណែកឱ្យបានជាអតិបរមា ដើម្បីឈានដល់ការសម្រេចបាន នូវកម្មវិធីនយោបាយ, ក៏ដូចជាការសម្រេច បានដោយជោគជ័យនូវគោលដៅ អភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញល្បឿននាវាកម្ពុជា ឈានដល់ការសម្រេចបានចក្ខុវិស័យ ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រី​រដ្ឋលេខាធិការប្រចាំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ជូនរាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕

To Top